លោក Ranieri នឹង​ក្លាយជា​អ្នក​សង្គ្រោះ ខណៈ Fulham បណ្តេញ​លោក Jokanovic

ក្លិប Fulham បានតែងតាំង​លោកគ្រូ​បង្វឹក​ជើងចាស់​ស​ញ្ជា​តិ​អ៊ីតាលី​លោក Claudio Ranieri ជា​អ្នកចាត់ការ​ទូទៅ​កាលពី​ថ្ងៃ​ពុធ ក្រោយពី​ការបណ្តេញ​លោក SlavisaJokanovic ចេញពី​តំណែង ក្នុង​កិច្ចខិតខំ​ព្យាយាម​ដើម្បី​គេចផុត​ពី​ការធ្លាក់​ចេញពី​ក្របខ័ណ្ឌ​អង់គ្លេស Premier League

លោក Jokanovic បាន​ដឹក​នាំឱ្យ​ក្រុម Fulham វិល​ទៅកាន់​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​វិញ កាលពី​ខែឧសភា ឆ្នាំ2018 ប៉ុន្តែ គ្រូបង្វឹក​សញ្ជាតិ​ស៊ែ​ប៊ី វ័យ 50ឆ្នាំ​រូបនេះ បាន​ជួប​ការលំបាក​ក្នុងការ​សម្រប​ខ្លួន​ក្នុង Premier League

ក្រោយពី​ការលេង 12ប្រកួត​ក្លិប Fulham បាន​ស្ថិតនៅ​បាត​តារាង ដោយមាន​ត្រឹមតែ 5ពិន្ទុ​គត់ និង​ឈ្នះ 1ប្រកួត​ពី​ការប្រកួត​ទាំង 12លើកដំបូង​របស់ខ្លួន។ លោក Jokanovic ក្លាយជា​អ្នកចាត់ការ​ទូទៅ​ដំបូង​គេ​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ដែល​បាន​បាត់បង់​ការងារ។ លោក Ranieri ដែល​បាន​ដឹក​នាំឱ្យ​ក្លិប Leicester ឈ្នះ​ពាន​ក្របខ័ណ្ឌ Premier League ដ៏​មិន​នឹកស្មាន​ដល់​កាលពី​ឆ្នាំ2016 នោះ មិនមាន​ការងារ​ធ្វើ​ឡើយ ក្រោយពី​ត្រូវបាន​បណ្តេញចេញ​ដោយ​ក្លិប Nantes របស់​ក្របខ័ណ្ឌ​បារាំង Ligue 1 ត្រឹមតែ 1ប្រកួត​មុន​បញ្ចប់​រដូវ​កាល​មុន។

លោក Shahid Khan ប្រធាន​ក្លិប Fulahmបាន​និយាយថា លោក​បានធ្វើ​សម្រេចចិត្ត​នេះ​ទាំង​មានការ​ស្ទាក់ស្ទើរ ប៉ុន្តែ​មាន​អារម្មណ៍​ថា ការផ្លាស់ប្តូរ​ចាំបាច់​ត្រូវតែ​ធ្វើ។ លោក Khan បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ខ្ញុំ​មិនបាន​គិតថា ត្រូវតែ​ធ្វើការ​ប្រកាស​នេះ​ទាក់ទង​នឹង​លោក Slavisa ឡើយ និង​មិន​ចង់ឱ្យមាន​ស្ថានភាព​បែបនេះ ដែល​ខ្ញុំ​មិនចាំបាច់​ត្រូវតែ​ធ្វើ»

លោក​បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ​ផ្លូវការ​របស់​យើង​នៅ​រដូវ​កាល​នេះ បានធ្វើឱ្យ​ខ្ញុំ​ត្រូវធ្វើ​អ្វីដែល​ខ្ញុំ​ដឹងថា គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ក្នុងពេល​វេលា​ដ៏​ស័ក្តិសម សម្រាប់​កីឡាករ ក្លិប និង​អ្នកគាំទ្រ​របស់​យើង»

ប្រភពពី៖ Straits Times

Advertisement