ក្រុម​កែសម្រួល​ថ្មី អាល្លឺម៉ង់ យកឈ្នះ​លើ​រុស្ស៊ី​យ៉ាង​ងាយ​ក្នុង​ការប្រកួត​មិត្តភាព

ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​ដែល​ប្រជុំ​ដោយ​កីឡាករ​យុវជនថ្មីៗបាន​ផ្តួល​ក្រុម​ជម្រើសជាតិ​រុស្ស៊ី យ៉ាង​ងាយ​ក្នុង​លទ្ធផល 3-០ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​លោក Joachim Loew បានចាប់ផ្តើម​ដំណើរការ​នៃ​ការកែសម្រួលផ្សេងៗ ក្រោយពី​ការជួប​ភាព​ត្រដាបត្រដួស​ក្នុង​ព្រឹត្តិការណ៍ World Cup កាលពី​រដូវក្តៅ ឆ្នាំនេះ។

ខ្សែបម្រើ​ស្លាប Leroy Sane របស់​ក្លិប Manchester City និង​កីឡាករ Niklas Suele និង Serge Gnabry របស់​ក្លិប Bayern Munich បាន​បំពេញ​គ្រាប់​បាល់​ទាំង 3គ្រាប់​ក្នុង​តង់​ទី1 ក្នុង​ទីក្រុង Leipzig សម្រាប់​ក្រុម​ដែលមាន​ការកែសម្រួល​ជាថ្មី​របស់លោក Loew។

ខ្សែបម្រើ Gnabry បាន​និយាយថា៖ «យើង​អាច​រីករាយ​ជាមួយនឹង​លទ្ធផល​នោះ យើង​បាន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​កំពូល​ក្នុង​តង់​ទី1។ យើង​ហាក់​ស្ថិតក្នុង​ភាពអវិជ្ជមាន​បន្តិច ក្រោយពី​ការ​សម្រាក​តង់​ទី1 រួច ប៉ុន្តែ​យើង​ដឹងថា យើង​នឹង​ទទួល​ជ័យជម្នះ​នេះ។ វា​មិនមាន​បញ្ហា​អ្វី​ឡើយ​ដែល​កីឡាករ​នៅក្នុង​ក្រុម​នេះ​មាន​វ័យ​ប៉ុនណា​នោះ ដូចជា Kai Havertz អ៊ីចឹង រូបគេ​មាន​វ័យ​ត្រឹមតែ 19ឆ្នាំ ប៉ុន្តែ​រូបគេ​លេង​បាន​យ៉ាង​ល្អ»។

នេះ​គឺជា​ជ័យជម្នះ​ដ៏​ធំ​បំផុត​របស់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ និង​ជាការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​បំផុត​ក្នុង​ឆ្នាំ2018 ជា​ឆ្នាំ​ដែល​ពួកគេ​បាន​រង​បរាជ័យ​ដល់​ទៅ 6លើក។ ក្រោយពី​ការបង្ហាញ​ពី​ទម្រង់​លេង​បែប​ត្រដាបត្រដួស​ក្នុង​រយៈពេល 12ខែ​ចុង​ក្រោយនេះ​រួចមក ក្រុម​របស់លោក Joachim Loew បាន​ឆ្លង​ផុត​ការលំបាកផ្សេងៗ ដើម្បី​មាន​ទម្រង់​លេង​ល្អ​វិញ៕

ប្រភពពី៖ Channel News Asia

Advertisement