Seferovic រកបាន 3គ្រាប់ ដើម្បី​ជួយ​ឱ្យ​ស្វ៊ី​ស ផ្តួល បែលហ្ស៊ិក និង​ទៅ​វគ្គ​បន្ត

ខ្សែប្រយុទ្ធ Haris Seferovic បានបង្ហាញ​ថ្វី​ជើង​ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី 3គ្រាប់ ខណៈដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្វ៊ី​ស បាន​បំពេញ​ការ​វាយបក​ដ៏​រំភើប​មួយ​ដើម្បី​ផ្តួល​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 5-2 ក្នុង​ទីក្រុង Lucerne កាលពី​ថ្ងៃអាទិត្យ និង​ឈ្នះ​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធនាការ Nations League។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី2គ្រាប់​របស់ Thorgan Hazard បាន​បង្ខំ​ឱ្យ​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ត្រូវការ​ឈ្នះ​តាមរយៈ​ការរក​គ្រាប់​បាល់​នាំមុខ 2គ្រាប់ ដើម្បី​ឈានទៅ​វគ្គ​បន្ត​នៃ​ពូ​ល A2 ប៉ុន្តែ ក្រុម​ម្ចាស់ផ្ទះ​បានធ្វើការ​វាយបក​យ៉ាង​ឆាប់រហ័ស ខណៈដែល​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ Ricardo Rodriguez និង​គ្រាប់​បាល់ 2គ្រាប់​របស់ Seferovic បាន​ជួយ​ឱ្យ​ពួកគេ​នាំមុខ 3-2 នៅត្រឹម​តង់​ទី1។

Nico Elvedi បា​នរក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី ក្រោយពី​ការបញ្ជូន​បាល់​របស់​កីឡាករ Xherdan Shaqiri នៅ​នាទី ទី62 ហើយ​ក្រុម​របស់លោក Vladimir Petkovic បាន​បំពេញ​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​នៅពេលដែល Seferovic រកបាន​គ្រាប់​បាល់​ទី3របស់គេ។

លោក Petkovic គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស បានឱ្យដឹងថា៖ «ខ្ញុំ​ចង់​អបអរ​ដល់​កីឡាករម្នាក់។ មានការ​បញ្ចេញ​ប្រតិកម្ម​ផ្នែក​ស្មារតី​ដ៏​អស្ចារ្យ។ កីឡាករ​មិនបាន​បោះបង់​ឡើយ។ ពួកគេ​តែងតែមាន​ការជឿជាក់»។ ក្រោយពី​ការបញ្ចប់​ការប្រកួត​ដ៏​រំភើប​នៃ​យុទ្ធនាការ​ថ្មី Nations League ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស នឹង​លេង​ការប្រកួត​ក្នុង​ជុំ​ផ្តាច់ព្រ័ត្រ​នៅ​ខែមិថុនា ឆ្នាំក្រោយ រួមជាមួយ​នឹង​ក្រុម​ម្ចាស់​ជើងឯក​ព័រ​ទុយ​ហ្គា​ល់ និង​អង់គ្លេស ខណៈដែល​កៅអី​ចុងក្រោយ​នឹង​ធ្លាក់​ទៅលើ​ក្រុម​ជម្រើសជាតិ​បារាំង ឬ​ហូ​ឡង់ បន្ទាប់ពី​ការប្រកួត​កាត់សេចក្តី​នៅ​រាត្រី​នេះ៕

ប្រភពពី៖ Channel News Asia

Advertisement