Man Utd, Real Madrid និង Man City ទៅ​វគ្គ 16ក្រុម​ក្នុង Champions League

ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid និង​ក្រុម Juventus របស់ Cristiano Ronaldo បាន​ស្ថិត​ក្នុងចំណោម​ក្រុម​ទាំង7 ដែល​បាន​ឈានទៅ​កាន់​វគ្គ 16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ ខណៈពេលដែល​គ្រាប់​បាល់​តាម​ស្មើ​នៅពេល​ជិត​បញ្ចប់​ការប្រកួត​របស់​ខ្សែប្រយុទ្ធ Sergio Aguero នៅលើ​ទឹកដី​ក្រុម Lyon ក៏បាន​ជួយ​ឱ្យ​ក្រុម Man City បាន​ទៅ​វគ្គ​បន្ត​ដែរ។

ក្រុម Bayern Munich បាន​លត់​ក្រុម Benfica យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 5-1 ដើម្បី​កក់​កៅអី​របស់​ពួកគេ​ទៅ​វគ្គ​បន្ត និង​ដើម្បី​កាត់បន្ថយ​សម្ពាធ​របស់​លោកគ្រូ​បង្វឹក Niko Kovac ផង។ ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ ខ្សែប្រយុទ្ធ Arjen Robben បានឱ្យដឹងថា៖ «វា​ជា​ជ័យជម្នះ​ដ៏​គួរឱ្យ​ជឿជាក់​មួយ ហើយ​នោះ​គឺជា​អ្វីដែល​យើង​ត្រូវការ​នៅពេលនេះ»។

Roma ក៏​នឹង​ឈានទៅ​វគ្គ​បន្ត​ផងដែរ បើទោះបី​ចាញ់​ក្នុង​លទ្ធផល 2-០ ក្រោម​ស្នាដៃ​ក្រុម Real Madrid ក៏ដោយ ខណៈពេលដែល​អតីត​ម្ចាស់​ជើងឯក​អឺរ៉ុប Ajax បាន​យកឈ្នះ​លើ​ក្រុម AEK Athens ក្នុង​លទ្ធផល 2-០ ដើម្បី​កក់​កៅអី​របស់ខ្លួន​ទៅ​វគ្គ 16ក្រុម​ចុងក្រោយ។

ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 របស់​ក្រុម Man City នៅលើ​ទឹកដី​ក្រុម Lyon ក្នុងការ​ប្រកួត​ពូ​ល F បាន​ជួយ​ឱ្យ​ពួកគេ​ទៅ​វគ្គ​បន្ត ខណៈដែល​ក្រុម Shakhtar Donetsk បាន​រក្សា​ក្តីសង្ឃឹម​របស់ខ្លួន​ក្នុងការ​ទៅ​វគ្គ​បន្ត តាមរយៈ​ការរកបាន​គ្រាប់​បាល់​ឈ្នះ​នៅលើ​ទឹកដី​ក្រុម​ដែល​នៅសល់​សមាជិក​តែ 10នាក់ Hoffenheim ដែល​បានបញ្ចប់​ក្នុង​លទ្ធផល​ឈ្នះ 3-2។

ក្រុម Manchester United ក៏បាន​ឈ្នះ​កៅអី​របស់​ពួកគេ​ទៅ​វគ្គ​បន្ត​ផងដែរ ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Young Boys ក្នុង​លទ្ធផល 1-0 នៅ​កីឡដ្ឋាន Old Trafford៕

ប្រភពពី៖ Sport24

Advertisement