លោក Tuchel ៖ Neymar និង Mbappe នឹង​ចូល​លេង​ឱ្យ PSG ពេល​ប៉ះ Liverpool រាត្រី​នេះ

លោក Thomas Tuchel ដែលជា​គ្រូបង្វឹក​បានប្រកាស​កាល​ពីថ្ងៃ​ចន្ទ​ថា ខ្សែប្រយុទ្ធ Neymar និង​Kylian Mbappe នឹង​ចូល​លេង​ឱ្យ​ក្រុម Paris Saint-Germain ពេល​ជួប​ក្រុម Liverpool ក្នុងការ​ប្រកួត​ដ៏​សំខាន់​នៃ​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ ក្រោយពី​បានជា​សះស្បើយ​ពីរ​បួសរៀងៗខ្លួន។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយនា​កីឡដ្ឋាន Parc des Princes លោក Tuchel បានឱ្យដឹងថា៖ «ពួកគេ​រឹងមាំ​គ្រប់គ្រាន់​ហើយ ពួកគេ​មិនមាន​បញ្ហា​ឡើយ ពួកគេ​បាន​ចូលរួម​ហ្វឹកហាត់​ពេញលេញ​នៅថ្ងៃនេះ និង​ម្សិលមិញ វា​គ្មាន​បញ្ហា​អ្វី​ឡើយ ពួកគេ​នឹង​លេង​ក្នុង​ជម្រើស​ដំបូង​នៅ​ថ្ងៃស្អែក​នេះ»។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ប្រសិនបើ​ពួកគេ​មិនមាន​ភាពរឹងមាំ​ទេនោះ ពួកគេ​មិនអាច​លេង​បានឡើយ ប៉ុន្តែ ពួកគេ​មិនបាន​តវ៉ា​អ្វី​ឡើយ​កាលពី​ថ្ងៃ​ម្សិលមិញ និង​នៅថ្ងៃនេះ ហើយ​សម្រាប់​ខ្ញុំ​ពេលនេះ វា​គ្មាន​ការប្រថុយប្រថាន​អ្វី​ឡើយ»។

ក្រុម PSG នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 ក្នុង​ពូ​ល C  ហើយ​ការបរាជ័យ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​រង​កាលពី​រដូវ​កាល​មុន Liverpool បូករួម​ទាំង​ក្រុម Napoli យកឈ្នះ​លើ​ក្រុម​Red Star Belgrade លើ​ទឹកដី​ខ្លួនឯង​ផង​នោះ នឹងធ្វើ​ឱ្យ​ក្រុម​មាន​ម្ចាស់​កម្មសិទ្ធិ​ជា​ជនជាតិ​កាតា​មួយ​នេះ​ធ្លាក់​ចេញ​យ៉ាង​ឆាប់រហ័ស។

លទ្ធផល​របស់ PSG ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប មិនបាន​ទទួលជោគជ័យ​ឡើយ ខណៈដែល​ពួកគេ​បាន​រង​បរាជ័យ 3-2 នៅលើ​ទឹកដី​ក្រុម Liverpool កាលពី​ខែកញ្ញា មុននឹង​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2លើក​ជាមួយនឹង​ក្រុម Napoli។

ការដណ្តើម​បាន​ជ័យជម្នះ 6-1 លើ​ក្រុម Red Star កាលពី​ខែ​មុន គឺជា​ជ័យជម្នះ​តែមួយ​របស់​ក្រុម​បារាំង​មួយ​នេះ ក្នុងការ​ប្រកួត 7លើកចុងក្រោយ​នៃ​ក្របខ័ណ្ឌ​Champions League ដែល​មិនមែនជា​ទម្រង់​លេង​ដ៏​រឹងមាំ​របស់​ក្រុម​ឈ្នះ​ពាន 1ឡើយ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 3ទៀបភ្លឺ៕

ប្រភពពី៖ Sport24

Advertisement