អត្ត​ព​លិ​ក​រាប់រយ​នាក់ បន្លំ​ផ្លូវ​កាត់ ក្នុង​ការរត់​ម៉ា​រ៉ា​តុង​នៅ​ចិន

អត្ត​ព​លិ​ក​ច្រើនជាង 250នាក់ បាន​បន្លំ​ក្នុង​ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង កាលពី​ចុង​សប្តាហ៍​មុន ក្នុង​ទីក្រុង Shenzhen ក្នុងនោះ​រាប់បញ្ចូល​ទាំង​អ្នករត់​ជាច្រើន​ដែល​បាន​ប្រើប្រាស់​ផ្លូវ​កាត់​ផងដែរ។

នេះ​បើ​យោងទៅតាម​បណ្តាញ​សារព័ត៌​រដ្ឋ​របស់​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ចាត់ទុកថា «ជា​រឿង​ដ៏​អាម៉ាស​មួយ»។ ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង និង​ការរត់​កម្សាន្ត កំពុង​តែមាន​ប្រជាប្រិយភាព​ក្នុងប្រទេស​ចិន បើទោះបី​មាន​កង្វក់​បរិស្ថាន​ដែល​កើតឡើងជារឿយៗក្នុង​ទីក្រុងធំៗក៏ដោយ ស្រប​ពេលដែល​អ្នកចូលរួម​ជាច្រើន​ចូលចិត្ត​ស្លៀកពាក់​ម៉ូដ​ខោអាវ​ទាន់សម័យ និង​ប្រើប្រាស់​បច្ចេកវិទ្យាទំនើប។

ទោះបីជា​យ៉ាងណា កីឡា​នេះ បាន​បង្កើត​ឱ្យ​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស់​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ អំឡុងពេល​រត់ប្រណាំង​កាលពី​ថ្ងៃអាទិត្យ ក្នុង​ទីក្រុង Shenzhen ឆ្លងកាត់​ព្រំដែន​ពី​ទីក្រុង​ហុងកុង អ្នករត់​ចំនួន 258នាក់ ត្រូវបាន​ពិន័យ​សម្រាប់​ការបន្លំ។ នេះ​បើ​យោងទៅតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ។

អ្នករត់​ច្រើនជាង 12នាក់ បាន​ប្រើប្រាស់​អាវកាក់​ក្លែងក្លាយ ហើយ​អ្នករត់៣នាក់ បាន​រត់​ចូល​គ​ន្ល​របស់​អ្នកផ្សេង ប៉ុន្តែ រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ការប្រើប្រាស់​ផ្លូវ​វៀង​ដើម្បី​រត់ប្រណាំង។ ក្នុងករណី​ដ៏​ធ្ងន់ធ្ងរ​បំផុត កាមេរ៉ា​ចរាចរណ៍ បាន​ថត​ជាប់​អ្នករត់​ជាច្រើន​រត់​ចុះឡើង យ៉ាងហោចណាស់​ចម្ងាយ1គីឡូម៉ែត្រ នៅមុន​ពួកគេ​រត់​ត្រឡប់​ថយក្រោយ​វិញ ដើម្បី​ចំណេញ​បាន2 ឬ3គីឡូម៉ែត្រ ក្នុង​ការរត់​ចម្ងាយ 21គីឡូម៉ែត្រ។

អ្នក​ដែល​ប្រព្រឹត្តល្មើស​ធ្ងន់ធ្ងរ នឹងត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពិន័យ​ព្យួរ1ជីវិត។ អ្នករៀបចំ​ការប្រកួត​នៅ​ទីក្រុង Shenzhen បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «យើង​ពិតជា​សោកស្តាយ​ចំពោះ​ការប្រព្រឹត្ត​ល្មើស​ដែល​បាន​កើតឡើង​អំឡុងពេល​នៃ​ព្រឹត្តិការណ៍​នេះ»៕

ប្រភពពី៖ Channel News Asia

Advertisement