Wilder ការពារ​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​របស់ខ្លួន ក្រោយពី​ស្មើ​ពិន្ទុ​ជាមួយនឹង Fury

កីឡាករ Deontay Wilder និង Tyson Fury បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ដ៏​ចម្រូងចម្រាស​ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBC ទម្ងន់​ធ្ងន់​របស់​ពួកគេ កាលពី​ថ្ងៃ​សៅរ៍​ដែល​នាំឱ្យមាន​ការទា​ម​ទារភ្លាមៗពី​កីឡា​ករទាំង2 ឱ្យមាន​ការប្រកួត​សងសឹក។

Wilder ដែល​បាន​ការពារ​ខ្សែក្រវាត់ WBC របស់ខ្លួន ក្រោយពី​ការប្រកួត 12ទឹក​នោះ បាន​វាយ​ឱ្យ Fury ដួល​ទៅលើ​សង្វៀន​ចំនួន 2លើក នៅលើ​សង្វៀន Staples Center ក្នុង​ទីក្រុង Los Angeles ប៉ុន្តែ មិនអាច​យកឈ្នះ​ដោយ​ការ​វាយ​ឱ្យ​គូប្រកួត​សន្លប់​ដូចដែល​រូបគេ​បាន​សន្យា​ឡើយ។

ចៅក្រម 3នាក់ បានផ្តល់​ពិន្ទុ 3ផ្សេងគ្នា ដោយ​ចៅក្រម​ទី1 បានផ្តល់​ពិន្ទុ​ឈ្នះ 115-111 ដល់ Wilder ខណៈដែល​ចៅក្រម​ម្នាក់ទៀត​បានផ្តល់​ពិន្ទុ​ឈ្នះ 114-112 ដល់ Fury ហើយ​ចៅក្រម​ទី3 បានផ្តល់​ពិន្ទុ​ស្មើ 113-113។ ប៉ុន្តែ ការផ្តល់​ពិន្ទុ​នេះ បានផ្តល់​នូវ​ការរិះគន់ផ្សេងៗ ខណៈដែល​មនុស្ស​ជាច្រើន​បាន​គិតថា Fury គួរតែ​ទទួលបាន​ជ័យជម្នះ។

Wilder បាន​និយាយ​បន្ទាប់ពី​ការប្រកួត​ថា៖ «ខ្ញុំ​គិតថា ខ្ញុំ​បានឈ្នះ​ការប្រកួត​នេះ ក្រោយពី​បាន​ផ្តួល​គូប្រកួត​ឱ្យ​ដួល 2លើក។ យើង​បានបង្ហាញ​ពី​ស្មារតី​ប្រកួត​នៅ​រាត្រី​នេះ​ថា យើង​សុទ្ធសឹង​ជា​អ្នក​ប្រយុទ្ធ​ដូចគ្នា ប៉ុន្តែ​ជាមួយនឹង​ការ​វាយ​ឱ្យ​ដួល 2លើក ខ្ញុំ​បានឈ្នះ​ការប្រកួត​នោះ»។

Wilder ដែល​នៅតែ​រក្សា​ការមិន​ស្គាល់​ចាញ់​ក្រោយពី​ការប្រកួត 41លើក​នោះ បាន​អំពាវនាវ​ឱ្យមាន​ការប្រកួត​សងសឹកភ្លាម។ Wilder បាន​បញ្ជាក់ថា៖ «ខ្ញុំ​នឹង​ពេញចិត្ត​ក្នុងការ​រៀបចំ​ឱ្យមាន​ការប្រកួត​សងសឹក សូម​ផ្តល់ឱ្យ​អ្នកគាំទ្រ​នូវ​អ្វីដែល​ពួកគេ​ចង់ឃើញ វា​គឺជា​ការប្រកួត​ដ៏​អស្ចារ្យ​មួយ អ៊ីចឹង​ត្រូវ​រៀបចំ​ឱ្យមាន​ការប្រកួត​ម្តងទៀត»៕

ប្រភពពី៖ The Guardian

Advertisement