Liverpool ផ្តួល Everton ទាំង​ប្រផិតប្រផើយ ខណៈ​លោក Klopp សុំ​អភ័យទោស

December 4, 2018​ ម៉ោង 11:05 am

គ្រាប់​បាល់​នៅ​នាទី​បន្ថែម​ពី​សំណាក់​ខ្សែប្រយុទ្ធ​បម្រុង DivockOrigi របស់ Liverpool បាន​កាត់សេចក្តី​ការប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់ Merseyside តែមួយ និង​បាន​ជួយ​ឱ្យ​ក្រុម​របស់លោក Jurgen Klopp រក្សា​ការដេញ​តាម​ពីក្រោយ​ក្រុម Manchester City យ៉ាង​ប្រកៀក​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃអាទិត្យ។

ការដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល 1-0 បាន​ជួយ​ឱ្យ​ក្រុម Liverpool បន្ត​ការមិន​ស្គាល់​ចាញ់​ក្នុងការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់ Merseyside នៃ​ក្របខ័ណ្ឌ Premier League រហូតដល់​ទៅ 16ប្រកួត បើទោះបី​គ្រាប់​បាល់​ឈ្នះ​នោះបាន​បង្កើតឱ្យមាន​ការ​រំភើប​ដ៏​មិន​នឹកស្មាន​ដល់។ ស្របពេល​ជាមួយគ្នានេះ លោក Klopp បាន​សុំ​ការ​អភ័យទោស​សម្រាប់​កា​ររ​ត់ទៅ​កាន់​ទីលាន​ប្រកួត​ក្នុង​អារម្មណ៍​ដ៏​រំភើប​រីករាយ ក្រោយពី​គ្រាប់​បាល់​ឈ្នះ​នៅ​ជិត​បញ្ចប់​ការប្រកួត​របស់ Liverpool នា​កីឡដ្ឋាន Anfield។

លោក Klopp បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំ​ត្រូវតែ​សុំ​ការ​អភ័យទោស ពីព្រោះ​ខ្ញុំ​មិន​ចង់​គ្មាន​ការគោរព​ឡើយ ប៉ុន្តែ ខ្ញុំ​មិនអាច​បញ្ឈប់​ខ្លួនឯង​បានទេ…វា​បាន​កើតឡើង​ដោយ​ក្ដីរំភើប ការប្រកួត​នោះ​មាន​ភាពស្វិតស្វាញ​ដ៏​មិនគួរ​ឱ្យ​ជឿ…ក្រុម​ទាំង2 មានឱកាស​ដូចគ្នា អ្នកចាំទី​ទាំង 2ក្រុម បាន​បំពេញ​តួនាទី​យ៉ាង​ល្អ។ ទីបំផុត វា​បាន​ក្លាយជា​គ្រាប់​បាល់​ដ៏​ចម្លែក​មួយ»។

ការប្រកួត​នេះ​ហាក់ដូចជា​ត្រូវ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 0-0 ទៅហើយ រហូតដល់​នាទី​ទី96 ដែល​នៅពេលនោះ Virgil van Dijk បាន​ស៊ុត​បាល់​សំដៅ​ទី​របស់​ក្រុម Everton ខណៈដែល​បាល់​នោះ​ហាក់​នឹងត្រូវ​ហោះ​ឡើង​ទៅលើ។ ប៉ុន្តែ អ្នកចាំទី Jordan Pickford របស់​ក្រុម Everton បាន​ប៉ាន់ស្មាន​ខុស ហើយ​ស្រប​ពេលដែល​បាល់​ហាក់ដូចជា​ត្រូវ​ប៉ះ​ទៅនឹង​របារ​ទី អ្នកចាំទី​របស់​អង់គ្លេស​រូបនេះ បាន​រុញ​បាល់​ចេញ និង​មក​ធ្លាក់ចំ​ក្បាល​របស់ DivockOrigi ដែល​បានតែ​ត​ចូល​បំប៉ោង​សំណាញ់​ទី​យ៉ាង​ងាយ ដើម្បី​ជួយ​ឱ្យ​ក្រុម​របស់គេ​ទទួល​ជ័យជម្នះ 1-0 កាលពី​ថ្ងៃអាទិត្យ​តែម្តង៕

ប្រភព៖ Sport24