Modric ផ្តួល Ronaldo និង Messi ដើម្បី​ឈ្នះ​ពាន Ballon d’Or

ខ្សែបម្រើ Luka Modric របស់​ក្លិប Real Madrid បានបញ្ចប់​ការគ្រប់គ្រង​កន្លងមក​របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi ដើម្បី​ឈ្នះ​ពានរង្វាន់​បាល់​មាស Ballon d’Or ឆ្នាំ2018។

Modric ដែល​បាន​ជួយ​ឱ្យ Real ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League 3លើកជាប់ៗគ្នា និង​ឈានទៅ World Cup វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី នៅ​រដូវក្តៅ​នេះ បានបញ្ចប់​ឆ្នាំ2018 តាមរយៈ​ការ​ឈ្នះ​ពាន​កិត្តិយស​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​របស់​អឺរ៉ុប​ក្នុង​កម្មវិធី​មួយ​កាលពី​ថ្ងៃ​ចន្ទ។

Modric ដែល​បានទទួល​ពានរង្វាន់​នេះ ពី​អតីត​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង David Ginola ក្នុងអំឡុង​កម្មវិធី​ដ៏​អធិកអធម​មួយ​នៅ Grand Palais ក្នុង​ទីក្រុង​ប៉ារីស​នោះ បានឱ្យដឹងថា៖ «កាលពី​នៅ​ជា​ក្មេង​ម្នាក់ យើងទាំងអស់គ្នា​តែងតែមាន​ក្តី​សុបិន។ សុបិន​របស់ខ្ញុំ​គឺ​ការលេង​ឱ្យ​ក្លិប​ដ៏​ធំ​មួយ និង​ឈ្នះ​ពានរង្វាន់សំខាន់ៗជាច្រើន។ Ballon d’Or គឺ​លើសពី​ក្តី​សុបិន​ទៅទៀត​សម្រាប់​ខ្ញុំ ហើយ​វា​ពិត​ជាមាន​កិត្តិយស​ណាស់​ក្នុងការ​ឈ្នះ​ពានរង្វាន់​នេះ»។

Ronaldo បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ2 ខណៈដែល​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Antoine Griezmann របស់​ក្លិប Atletico Madrid បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3។ ខ្សែប្រយុទ្ធ​វ័យក្មេង KylianMbappe របស់​ក្លិប Paris Saint-Germain បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 ដើម្បី​ធ្វើឱ្យ Messi ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ5។

កីឡាករ​របស់​បារាំង​ម្នាក់ទៀត គឺ​ខ្សែការពារ Raphael Varane ដែលជា​មិត្ត​រួម​ក្លិប​របស់ Modric បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ7 ពីក្រោយ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ហ្ស៊ី​ប Mohamed Salah របស់​ក្លិប Liverpool។ Mbappe ដែល​នឹង​ឈានចូល​វ័យ 20ឆ្នាំ​នៅ​ចុងខែ​នេះ បានឈ្នះ​ពានរង្វាន់​លួង​ចិត្ត គឺ​ពាន​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត Kopa Trophy។

កម្មវិធី​ដ៏​ឱឡារិក​នេះ ក៏បានផ្តល់​ពានរង្វាន់ Ballon d’Or សម្រាប់​កីឡាការិនី​ជា​លើក​ទី1ផងដែរ ខណៈដែល​កីឡាការិនី​ខ្សែប្រយុទ្ធ​អន្តរជាតិ​ន័​រ​វែ​ស Ada Hegerberg របស់​ក្លិប Lyon ជា​អ្នកឈ្នះ​ពាន​នេះ៕

Advertisement