Liverpool ទទួល​ការ​​​​ជឿជាក់​ពី​ Maneនៅមុន​ពេល​ប៉ះ Napoli រាត្រីនេះ

ខ្សែ​ប្រយុទ្ធ Sadio Mane បាន​ត្រៀម​ខ្លួន​រួច​រាល់ហើយ​សម្រាប់​ការ​ចូល​លេង​ក្នុង​ជម្រើស​​ 11​នាក់ដំបូង​នៃ​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League group វគ្គ​ចែក​ពូល​នៅ​រាត្រីនេះ ជាមួយ​​នឹងក្រុម Napoli​។ នេះ​បើ​យោង​​តាម​​អ្នក​ចាត់​ការ​ទូទៅ​លោក Juergen Klopp ដែល​បាន​អំពាវ​នាវ​ឱ្យ​អ្នក​គាំទ្រ​នៃក្រុមម្ចាស់ផ្ទះផ្តល់​នូវ​បរិយា​កាស​ដ៏​រំភើប​មួយ​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​សេ​ណេ​ហ្គាល់ Mane ដែល​បាន​ជា​​សះ​ស្បើយ​ពី​របួស​ប្រអប់​ជើងក្នុង​ពេល​ប្រកួត​ជាមួយ​នឹងក្រុម Everton នោះ បាន​វិល​មក​ចូល​លេង​វិញក្នុង​នាម​ជាកីឡាករ​បម្រុង​នៅ​តង់​ទី​2 ក្នុង​ពេលក្រុម Liverpool យកឈ្នះ​លើ​ក្រុម Bournemouth ក្នុង​លទ្ធផល 4-០ ដើម្បី​ឡើង​ទៅ​ឈរ​នៅលើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍​។

លោក Klopp បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​កាលពី​ថ្ងៃចន្ទ​ថា៖ «Sadio អាច​​ដោះ​ស្រាយ​ជាមួយ​នឹង​បញ្ហា​របួសនេះ​យ៉ាង​ឆាប់​រហ័ស​។ វាហាក់​បង្ហាញ​ថា គេ​ជា​សះ​ស្បើយ​ហើយ​ក្នុង​ពេល​ប្រកួតនៅ Bournemouth​​។ ហេតុនេះ វា​ជា​រឿង​ដ៏គួរឱ្យ​រំភើប​មួយ​។ វា​ជា​ព័ត៌​មាន​ល្អ​ដែល​យើងអាច​ពិចារណា​​ទៅលើ​រូប​គេ​បាន​»​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក Klopp បាន​អំពាវ​នាវ​ឱ្យក្រុម Liverpool បង្ហាញ​ពី​ទម្រង់​លេង «យ៉ាង​ពិសេស​» នៅពេល​ដែល​ពួកគេ​ជួប​ជា​មួយ​នឹងក្រុម Napoli ក្នុង​ការ​ប្រកួត​កាត់​សេចក្តីនៃក្រប​ខ័ណ្ឌ Champions League នៅ​រាត្រី​នេះ​។

ក្រុម​របស់​លោក Klopp ត្រូវ​តែ​ផ្តួល​​ក្រុម Napoli នា​កីឡដ្ឋាន Anfield ដើម្បី​ទទួល​បាន​ឱកាស​ក្នុង​ការ​ឆ្លង​ផុត​​ពី​វគ្គ​ចែក​ពូល ទៅ​កាន់​វគ្គ​ចាញ់​ធ្លាក់​។ ការ​ដណ្តើម​បាន​ជ័យជម្នះ​ក្នុងលទ្ធផល 1-០ ឬ​ការ​ឈ្នះ​​តាម​រយៈ​ការ​​រក​​បានគ្រាប់​បាល់​នាំមុខ​ 2​គ្រាប់ នឹង​ធ្វើ​ឱ្យ​ក្រុម​ហង្ស​ក្រហម​មួយនេះ​បានទៅ​វគ្គ​បន្ត​។

Napoli កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​2 ​នៅលើ​តា​រាង Serie A និងមិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ពូល C ក្រោយពី​បានផ្តួលក្រុម Liverpool 1-០ នៅ​ពេលដែល​ពួក​គេ​បាន​ជួប​គ្នា​ក្នុង​ប្រទេស​អ៊ី​តាលី កាលពី​ខែ​តុលា​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​ 3​ទៀប​ភ្លឺ​៕

Advertisement