WADA បំពេញ​ការ​ត្រួត​ពិនិត្យ​លើ RUSADA ប៉ុន្តែមិន​ទាន់​អាច​ដំណើ​រការ​មន្ទីរ​ពិសោធន៍​បាន

ភ្នាក់​ងារ​ប្រឆាំង​នឹង​សារ​ធាតុ​ហាម​ឃាត់​របស់​ពិភព​លោក (WADA) បាន​បញ្ជាក់​កាលពីថ្ងៃពុធ​ថា ខ្លួន​បាន​បំពេញ​ការ​ធ្វើ​សវ​ន​កម្ម​ទៅលើ​​ភ្នាក់​ងារ​ប្រឆាំងសារ​ធាតុហាម​ឃាត់របស់​រុស្ស៊ី​ (RUSADA) ស្រប​តាម​តម្រូវ​ការ​រួច​រាល់​ហើយ ក្រោយ​ពី​ការ​ផ្តល់​សិទ្ធិ​ឱ្យអង្គ​ភាព​​នេះ​ជាថ្មី​។

ប្រតិ​ភូ​ 3នាក់​របស់ WADA បាន​ត្រួត​ពិនិត្យ​ទៅលើ​ការ​អនុ​ម័តក្នុង​ជំហាន​ដំបូង ការដំណើរ​ការ​ផ្សេង​ៗ និង​ការ​អនុវត្ត​​របស់ RUSADA ហើយ​និង​ត្រូវ​សរសេរ​របាយ​ការណ៍មួយ​ដែល​បង្ហាញពី​បញ្ហា​ផ្សេង​ៗ​។ លោក Olivier Niggli អគ្គ​នាយក​របស់ WADA បាន​ចាត់​ទុក​ការ​ធ្វើ​សវ​ន​កម្មមួយនេះ គឺ​ជា​ជំហាន​ដ៏សំខាន់​មួយ​នៃ​ដំណើរ​ដ៏វែង​ឆ្ងាយ​ក្នុងការ​ធ្វើ​ឱ្យ RUSADA ក្លាយ​ជា​ដៃគូ​ប្រឆាំង​នឹង​សារធាតុ​ហាម​ឃាត់​ដែលមានការ​ជឿជាក់​ទាំងស្រុង​​។

ប៉ុន្តែ រនាំងដ៏ធំ​បំផុត​នៅ​តែ​មិន​ទាន់​បាន​យក​ចេញ​នៅ​ឡើយ​ទេ ខណៈ​ដែល RUSADA មិន​ទាន់​អនុ​ញ្ញាត​ឱ្យមន្ត្រី​ត្រួតពិនិត្យ​របស់ WADA ចូល​ទៅកាន់​អតីត​មន្ទីរ​ពិសោធន៍​របស់​រុស្ស៊ី​ និង​ដំណើរ​ការ​យក​ទិន្នន័យ​ផ្សេង​ៗ​តាម​រយៈ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌​មាន​របស់​មន្ទីរពិសោធ​នៅ​ឡើយ​ទេ​។

WADA បាន​កំណត់​​ពេល​នៅថ្ងៃ​ទី​31 ខែ​ធ្នូ សម្រាប់ RUSADA ក្នុង​ការ​បំពេញលក្ខខណ្ឌ​នេះ បើ​មិន​អ៊ី​ចឹង​ទេ នឹង​ប្រឈម​មុខនឹង​ការ​ដាក់​ទណ្ឌ​កម្ម​កាន់​តែតឹង​រ៉ឹង តាម​មាត្រា​ស្តង់​ដារ​អន្តរ​ជាតិ​សម្រាប់​​ការ​ប្រព្រឹត្ត​តាម​ដោយ​ភាគី​ហត្ថ​លេខី​​។

RUSADA ត្រូវ​បាន​ដាក់ពិន័យព្យួរ​កាលពីឆ្នាំ​2015 ក្រោយពី​មានរបាយ​ការណ៍​មួយ​របស់​ក្រុម​ប្រឹក្សា WADA បាន​បង្ហាញ​ពី​ភ័ស្តុតាង​​ទាក់​ទង​នឹង​ប្រព័ន្ធ​ប្រើប្រាស់​សារធាតុ​ហាម​ឃាត់​​ដែលគាំទ្រ​ដោយ​រដ្ឋ​ក្នុង​កីឡា​អត្ត​ពល​កម្ម​របស់​រុស្ស៊ី ខណៈ​ដែលការ​ចោទ​ប្រកាន់​នេះត្រូវ​បាន​ទីក្រុង​ម៉ូស្គូ​បដិ​សេធ​៕

ប្រភព​ពី៖ Channel News Asia

Advertisement