Djokovicនិង Djokovic ជាប់​ឈ្មោះ​ជា​ម្ចាស់​ជើងឯក​ពិភពលោក ITF ឆ្នាំ 2018

កីឡាករ​វាយ​កូន​បាល់ Novak Djokovic និង​កីឡាការិនី Simona Halep កាលពី​ថ្ងៃ​ព្រហស្បតិ៍ ត្រូវបាន​ផ្តល់​ឈ្មោះ​ជា​ម្ចាស់​ជើងឯក​ពិភពលោក ITF ឆ្នាំ2018 ដោយ​អង្គភាព​គ្រប់គ្រង​កីឡា​វាយ​កូន​បាល់​ពិភពលោក។

កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក Djokovic បានទទួល​ពាន​កិត្តិយស​មួយ​នេះ ពី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ (ITF) ជា​លើក​ទី6 ខណៈដែល​កីឡាការិនី​រ៉ូ​ម៉ា​នី Halep បានឈ្នះ​ពានរង្វាន់​នេះ​ជា​លើក​ទី2។

កីឡាករ Djokovic សញ្ជាតិ​ស៊ែ​ប៊ី ដែល​បាន​វិល​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក​វិញ ក្រោយពី​រងរបួស ដោយបាន​ឈ្នះ​ពាន Wimbledon និង US Open នោះ បានឱ្យដឹងថា៖ «ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ក្នុង​ការជាប់​ឈ្មោះ​ជា​ម្ចាស់​ជើងឯក​ពិភពលោក ITF ម្តងទៀត»។

កីឡាករ​រូបនេះ​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​មាន​មោទនភាព​ជាពិសេស​ចំពោះ​ការសម្រេចបាន​នូវ​សមិទ្ធផល​នេះ ក្រោយពី​ខ្ញុំ​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​រឹងមាំ​នៅ​ឆ្នាំនេះ ប៉ុន្តែ ខ្ញុំ​តែងតែ​មានការ​ជឿជាក់ថា ខ្ញុំ​អាច​ឡើងទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ1។ វា​ពិតជា​រឿង​ដ៏​ពេញចិត្ត​ខ្លាំងណាស់​ក្នុងការ​ចូលរួម​ជាមួយ​នឹង​លោក Pete Sampras តាមរយៈ​ការ​ឈ្នះ​ពាន 6លើក»។

កីឡាការិនី Halep ក៏បាន​រីករាយ​នឹង​ជោគជ័យ​ក្នុង​កម្មវិធី Grand Slam ផងដែរ ក្នុង​ឆ្នាំ2018នេះ តាមរយៈ​ការ​ឈ្នះ​ពានរង្វាន់​ធំ​ជា​លើក​ទី1របស់​នាង ក្នុង French Open និង​បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Australian Open។

កីឡាការិនី​រូបនេះ​បានឱ្យដឹងថា៖ «វា​ពិតជា​កិត្តិយស​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការជាប់​ឈ្មោះ​ជា​ម្ចាស់​ជើងឯក​ពិភពលោក ITF ជា​លើក​ទី1។ ខ្ញុំ​បាន​ជួប​ឆ្នាំ​ដ៏​មិន​គួរឱ្យ​ជឿ​មួយ តាមរយៈ​ការ​ឈ្នះ​ពាន French Open ដើម្បី​បញ្ចប់​ឆ្នាំនេះ​ក្នុងនាម​ជា​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ1ក្នុង​ពិភពលោក»៕

Advertisement