កម្មវិធី​ប្រកួត​ក្របខ័ណ្ឌ​លី​ក​បារាំង ជួប​បញ្ហា​ដោយសារតែ​ការតវ៉ា និង​ការ​គំរាម​ភេរវកម្ម

ពាក់កណ្តាល​នៃ​កម្មវិធី​ប្រកួត​ក្របខ័ណ្ឌ​បារាំង Ligue 1 ត្រូវបាន​ពន្យារពេល​ស​ម្រា​ប់​សប្តាហ៍​ទី2 ជាប់ៗគ្នា ដោយសារ​តែមាន​ការធ្វើ​បាតុកម្ម​ដែល​ទាមទារ​ឱ្យ​ប៉ូលិស​ត្រូវ​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព ស្រប​ពេលដែល​ការតវ៉ាផ្សេងៗ និង​ការ​គំរាម​វាយប្រហារ​ភេ​វរ​កម្ម​កំពុងតែបន្ត។

ក្រុម Marseille នឹងត្រូវ​ខកខាន​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​ជា​លើក​ទី2 ជាប់ៗគ្នា​របស់​ពួកគេ បន្ទាប់ពី​ការប្រកួត​នៅ​ចុង​សប្តាហ៍​នេះ​ជាមួយនឹង Bordeaux របស់​ពួកគេ ត្រូវបាន​ពន្យារពេល​ដោយ​ប្រធាន​ក្របខ័ណ្ឌ​លី​ក កាលពី​ថ្ងៃ​ព្រហស្បតិ៍ តាម​ការស្នើ​របស់​ប៉ូលិស។

ការប្រកួត​ក្រៅ​ទឹកដី​របស់​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Paris Saint-Germain នៅលើ​ទឹកដី​ក្រុម Dijon នៅ​ថ្ងៃ​សៅរ៍​នេះ ដែល​គ្រោង​ធ្វើឡើង​ជាធម្មតា​នោះ ក៏​ត្រូវបាន​ពន្យារពេល​ផងដែរ​នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ុន្តែ​ការប្រកួត​របស់​ក្រុម Nice ជាមួយនឹង​ក្រុម Saint-Etienne ត្រូវបាន​ប្តូរ​ទៅ​ថ្ងៃអាទិត្យ ក្រោយពី​គម្រោង​ប្រកួត​ជាធម្មតា​ត្រូវបាន​ពន្យារពេល ហើយ​ការប្រកួត​រវាង​ក្រុម Caen និង Toulouse នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។

ក្របខ័ណ្ឌ​លី​ក​អាជីព​របស់​បារាំង​ហៅ​កាត់​ថា LFP បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «រាល់​កម្មវិធី​ប្រកួត​ដែល​ត្រូវបាន​ពន្យារពេល​ផ្សេងទៀត នឹងត្រូវ​កំណត់​យក​កាលបរិច្ឆេទ​ជាថ្មី​នៅពេល​ក្រោយ​ទៀត។

ការប្រកួត​របស់​ក្រុម Marseille ជាមួយនឹង​ក្រុម Saint-Etienne ស្ថិត​ក្នុងចំណោម​កម្មវិធី​ប្រកួត​ជាច្រើន​ដែល​ត្រូវបាន​ពន្យារពេល​កាលពី​ចុង​សប្តាហ៍​មុន ដោយសារតែ​ការ​កង្វល់​ខាង​សន្តិសុខ ទាក់ទង​នឹង​ចលនា «អាវកាក់​ពណ៌​លឿង» ក្នុងប្រទេស​បារាំង។

ក្រុម​អាជ្ញាធរ​កំពុងតែ​ប៉ាន់ប្រមាណ​ទុក​ថា ប្រហែលជា​នឹងមាន​ការធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​បន្ថែម​ទៀត​នៅ​ចុង​សប្តាហ៍​នេះ ស្របពេល​ដែល​ការ​រឹតបន្តឹង​សន្តិសុខ និង​សុវត្ថិភាព​ត្រូវបាន​ធ្វើឡើង​នៅ​គ្រប់​ទីកន្លែង៕

Advertisement