Ferrari នឹង​​អប​អរ​ថ្ងៃ​គម្រប់​​ខួប​អាយុ​ 50​ឆ្នាំ​របស់ Schumacher ជាមួយ​នឹង​ការ​សម្តែង​បើក​បរ

អតីត​កីឡាករ​ប្រណាំង​រថយន្ត Formula One ដ៏ឆ្នើម​គឺ Michael Schumacher នឹង​ត្រូវបាន​​រំ​ឭក​ដោយFerrari ជាមួយ​នឹង​ការ​សម្តែង​​ដ៏ពិសេស​មួយ​ដើម្បី​អប​អរ​​ថ្ងៃ​គម្រប់​អាយុ​ 50​ឆ្នាំ​របស់​គេ នៅ​ថ្ងៃ​ទី​3 ខែមករា​។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់​ក្រុម​អ៊ី​តាលី​មួយនេះ កាលពីថ្ងៃចន្ទ​។

Schumacher ដែល​ជាម្ចាស់​ជើង​ឯក Formule One 7​សម័យ​​កាល បាន​រង​របួស​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ឧប្បត្តិហេតុ​ជិះ​ស្គី កាលពី​ 5​ឆ្នាំមុន និង​មិនធ្លាប់​បាន​បង្ហាញ​ខ្លួន​ជា​សា​ធារណៈ​ទៀតឡើយចាប់​តាំងពី​ពេល​នោះ​មក​។

កម្មវិធី​ដែល​មាន​ឈ្មោះ​ថា ‘Michael 50’ មួយនេះ ដែល​នឹង​ត្រូវ​រៀប​ចំឡើង​នៅ​សារ​មន្ទីរ Ferrari ក្នុង​ទីក្រុង Maranello នឹង​ត្រូវ​រៀប​ចំ​ឡើង​ដោយ​មានការ​ចូល​រួម​ពីសំណាក់​អង្គការ ​Keep Fighting Foundation ដែល​បាន​បង្កើត​ឡើង​កាលពី​ 2​ឆ្នាំមុន ដោយ​ក្រុម​គ្រួសារ​របស់ Schumacher​។

Ferrari បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​អប​អរ និង​​សម្តែង​នូវ​ការ​ដឹង​គុណ​ចំពោះ​​អ្នក​បើកបរ​ដ៏​ជោគ​ជ័យ​បំផុតរូបនេះ​»​។ កីឡាករ​ Schumacher សញ្ជាតិ​អាល្លឺម៉ង់ បាន​បើក​បរ​ឱ្យ​ក្រុមនេះ​ចាប់​ពី​ឆ្នាំ​1996 ដល់​ឆ្នាំ​2006 ដោយ​បាន​ឈ្នះ​​ពាន​ពិភព​លោក​ 5លើក​ក្នុង​ចំណោម​ពាន​ទាំង​ 7​លើក​របស់​គេ​ចាប់​ពីឆ្នាំ​2000 ដល់​ឆ្នាំ​2004​។

ក្រុម Ferrari​ ក៏​បាន​ឈ្នះ​ពាន​ផ្នែក​បើក​បរ​ចំនួន​ 6​លើក​ផងដែរ អំឡុង​ពេល​ដែល​រូប​គេ​​ស្ថិត​នៅ​ជាមួយ​នឹងក្រុម​នេះ​។ កម្ម​វិធី​បើក​បរ​សម្តែង​នេះ នឹង​អនុ​ញ្ញាត​ឱ្យ​សា​ធារណ​ជនបាន​​ឃើញនូវ​សមិទ្ធ​ផល​ដែល Schumacher បាន​ផ្តល់​ឱ្យ​ចំពោះ​ការ​អភិវឌ្ឍ​រថយន្ត​នេះ ក្នុង​នាម​ជា​​អ្នក​បើក​បរម្នាក់ និង​ក្រោយមក​​ជា​អ្នក​ផ្តល់​ប្រឹក្សា​ម្នាក់​។ នេះ​បើយោង​ទៅ​តាម​​​ការ​បញ្ជាក់​របស់​ក្រុម Ferrari​៕

Advertisement