Djokovic ត្រួស​ត្រាយ​ផ្លូវ​​ទៅកាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Qatar Open

កីឡាករ​វាយ​កូន​បាល់​​ចំណាត់ថ្នាក់​លេខ​1 ​ក្នុងពិភព​លោក Novak Djokovic បានឈ្នះ​ការ​ប្រកួត​​ដ៏ស្វិតស្វាញ​មួយ​ផ្សេង​ទៀត​​ក្នុង​ទីក្រុង​ដូហា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បី​បន្ត​ការ​មិនស្គាល់​​ចាញ់​របស់​ខ្លួន​នៅឆ្នាំនេះ និង​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Qatar Open​។

កីឡាករ​សញ្ជាតិ​ស៊ែប៊ី​រូបនេះ បាន​ធ្វើ​ការ​វាយ​បក​ពីការ​ដេញ​តាមពី​ក្រោយ​ 1​សិត ដូច​​​កាលពីការ​ប្រកួត​លើក​មុន​របស់​គេ​ដែរដើម្បី​ផ្តួល​កីឡាករ​​ហ្ស៊ក​ហ្ស៊ី NikolozBasilashvili ក្នុង​លទ្ធផល 4-6 , 6-3 និង​6-4 ក្នុង​ការ​ប្រកួត​មួយ​ដែល​ចំណាយ​ពេលស្ទើរ​តែ​ 2​ម៉ោង​។

Djokovic នឹង​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​អេ​ស្ប៉ាញ Roberto Bautista Agut ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយពី​ Bautista Agut បាន​ផ្តួល​ម្ចាស់​ជើង​ឯក​ Grand Slam 3​សម័យ​កាល​គឺ Stan Wawrinka ក្នុងលទ្ធផល 6-4 និង​6-4​។

ទាក់​ទង​នឹង​គូ​ប្រកួត​របស់ខ្លួននេះ Djokovic បាន​បញ្ជាក់​ថា រូប​គេ​នៅ​តែ​​មាន​ចំណុច​ជាច្រើន​ដែល​ត្រូវ​កែ​សម្រួល​ឱ្យ​កាន់​តែល្អប្រសើរ​​ឡើង​។ កីឡាករ​រូបនេះ​​បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​​​នៅ​តែ​ត្រូវ​ធ្វើ​ការ​​កែ​សម្រួល​​។ ក្រោមស្ថាន​ភាព​ផ្សេង​ៗ ខ្ញុំ​បាន​ស្វែង​​រក​ឃើញ​ផ្លូវ​ក្នុង​ការ​ឈ្នះ​នៅពេល​ប្រកួត​ជាមួយនឹង​កីឡាករម្នាក់​ដែល​កំពុង​តែ​​វាយ​កូន​បាល់​​យ៉ាង​លឿន និង​វាយសម្រុក​ខ្លាំង ហើយ​វា​ពិត​ជា​លំ​បាកណាស់​ក្នុងការ​ព្យាករ​ថា កូន​បាល់​នឹង​ធ្លាក់​​ទៅកាន់​ទី​ណា​នោះ»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

Advertisement