Djokovic និង Federer នៅតែ​ជា​បេក្ខភាព​ឈានមុខ​គេ​ក្នុងការ​ឈ្នះ​ពាន​ដើមឆ្នាំ

កីឡាករ​វាយ​កូន​បាល់ Novak Djokovic និង Roger Federer នឹង​ឈានទៅ​កាន់ការ​បង្ហាញខ្លួន​នៅ​ទីលាន Melbourne Park សម្រាប់​ការប្រកួត​ពាន​បើកឆាក​ប្រចាំឆ្នាំ2019 នៃ​កម្មវិធី Grand Slam ក្នុងនាម​ជា​បេក្ខភាព​មាន​ក្តីសង្ឃឹម​ច្រើន​ក្នុងការ​ឈ្នះ​ពាន Australian Open ស្រប​ពេលដែល​សំណួរផ្សេងៗ នៅតែ​ចោទ​សួរថា តើ​មាន​កីឡាករ​ជំនាន់​ក្រោយ​ណា​ម្នាក់​អាច​បញ្ឈប់​ការគ្រប់គ្រង​ពាន​របស់​ពួកគេ​ទាំង 2នាក់​បាន​ដែរឬទេ?។

កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក Djokovic សញ្ជាតិ​ស៊ែ​ប៊ី និង​គូប្រជែង​ជា​ជនជាតិ​ស្វ៊ី​ស​របស់គេ បានឈ្នះ​ពាន8 ក្នុងចំណោម​ពាន9 នៅលើ​ទីលាន Rod Laver Arena គិត​ចាប់តាំងពី​ឆ្នាំ2010 និង​ឈ្នះ​ពាន11 ក្នុងចំណោម​ពាន​ទាំង13ចុងក្រោយ​នៅលើ​ទីលាន​ពណ៌​ខៀវ ក្នុង​ទីក្រុង Melbourne មួយ​នេះ។

កីឡាករ​ទាំង2 បានឈ្នះ​ពាន 6លើក​ដូចគ្នា និង​កំពុងតែ​សម្លឹង​រក​ការ​តាម​ស្មើ​កំណត់ត្រា​នៃ​ការដណ្តើម​បាន​ជ័យជម្នះ​ដ៏​ច្រើន​បំផុត​របស់លោក Roy Emerson របស់​អូស្ត្រាលី។

ស្រប​ពេលដែល Federer បានឈ្នះ​ពាន Australian Open សម្រាប់​រយៈពេល 2ឆ្នាំ​ចុងក្រោយ ប្រវត្តិ​របស់​កីឡាករ Djokovic ក្នុងប្រទេស​អូស្ត្រាលី និង​ការរកឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់គេ​កាលពី​ឆ្នាំមុន មានន័យថា កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក​រូបនេះ នឹង​ក្លាយជា​គូប្រជែង​ដ៏​ខ្លាំង​ដែល​ត្រូវ​ផ្តួល។

កីឡាករ​វ័យ 31ឆ្នាំ​រូបនេះ បាន​ធ្លាក់ចុះ​ទម្រង់​លេង​នៅ​ពាក់កណ្តាល​ឆ្នាំ2016 ដែល​បានបញ្ចប់​នៅត្រឹម​ពេលដែល​រូបគេ​បានឈ្នះ​ពាន Wimbledon កាលពី​ឆ្នាំមុន នៅមុន​ពេល​រូបគេ​បាន​បន្តធ្វើ​ដំណើរ​ទៅ​ឈ្នះ​ពាន US Open ជា​លើក​ទី3 របស់គេ និង​ឈ្នះ​ពាន Grand Slam សរុប 14លើក ដោយ​តាម​ពីក្រោយ Rafa Nadal 3លើក៕

ប្រភពពី៖ Channel News Asia

Advertisement