Man City លត់​ក្រុម Burton ចាស់ដៃ ដើម្បី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ League Cup

ខ្សែប្រយុទ្ធ Gabriel Jesus បាន​ស៊ុត​បាល់​បញ្ចូល​ទី 4គ្រាប់ ខណៈដែល​ក្រុម Manchester City បានធ្វើ​ដំណើរ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន League Cup ឬ Carabao Cup តាមរយៈ​ការយក​ឈ្នះ​លើ​ក្រុម Burtonរបស់​ក្របខ័ណ្ឌ League Oneក្នុង​លទ្ធផល 9-០ នា​កីឡដ្ឋាន Etihad កាលពី​ថ្ងៃ​ពុធ។

ការប្រកួត​ដែលមាន​ប្រៀប​តែ​លើ​ក្រុម​ម្ខាង​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ ជើង​ទី1 ត្រូវបាន​កាត់សេចក្តី ខណៈដែល​ខ្សែបម្រើ Kevin De Bruyne បា​នរក​គ្រាប់​បាល់​បើកឆាក ក្រោយពី​លេង​បានត្រឹមតែ 5នាទី ខណៈដែល Jesus បាន​បន្ថែម​គ្រាប់​បាល់ 2គ្រាប់​ទៀត ហើយ OleksandrZinchenko បាន​បន្ថែម 1គ្រាប់​ទៀត នៅ​មុនពេល​សម្រាក​តង់​ទី1។

Jesus រកបាន​គ្រាប់​បាល់ 2គ្រាប់​ទៀត ក្នុង​ចន្លោះពេល 13នាទី​ក្នុង​តង់​ទី2 ខណៈដែល​កីឡាករ Phil Foden និង Kyle Walker ក៏បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ផងដែរ នៅមុន​ពេល Riyad Mahrez បំពេញ​ជ័យជម្នះ​ដ៏​ធំ​សម្រាប់​ក្រុម​ខ្លួន។

វា​ជាការ​ដណ្តើមបាន​ជ័យជម្នះ​ដ៏​ធំ​បំផុត​សម្រាប់​ក្រុម Man City បើ​គិត​ចាប់តាំងពី​ពួកគេ​បាន​ផ្តួល​ក្រុម Huddersfield 10-1 កាលពី​ឆ្នាំ1987 និង​បាន​ធានាថា ការប្រកួត​ជើង​ទី2 គ្រាន់តែ​ការប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ។

លោក Guardiola គ្រូបង្វឹក​របស់​ក្រុម Man City បានឱ្យដឹងថា៖ «ពិតណាស់ យើង​ស្ថិតក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​រួចជាស្រេច។ យើង​ត្រូវតែ​លេង​ការប្រកួត​ជើង​ទី2 ហើយ​យើង​នឹង​លេង​ដោយ​ប្រុងប្រយ័ត្ន។ យើង​ពិតជា​រីករាយ​ណាស់​ក្នុងការ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តងទៀត»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «វា​មិន​ងាយស្រួល​នោះឡើយ​ក្នុង​ការលេង​ក្នុងការ​ប្រកួត​បែបនេះ។ យើង​បាន​និយាយ​ពីមុន​ពេល​ការប្រកួត​ឱ្យ​ចាត់ទុកជា​ការប្រកួត​សំខាន់ ហើយ​យើង​បានចាប់ផ្តើម​យ៉ាង​ល្អ»៕

ប្រភពពី៖ Channel News Asia

Advertisement