Djokovic និង Halep ទទួល​ចំណាត់ថ្នាក់​លេខ1 ប្រចាំ Australian Open

កីឡាករ និង​កីឡាការិនី​វាយ​កូន​បាល់​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក​ចំនួន 2នាក់ គឺ Novak Djokovic និង Simona Halep កាលពី​ថ្ងៃ​ព្រហស្បតិ៍ សុទ្ធសឹង​ត្រូវបាន​ផ្តល់​ចំណាត់ថ្នាក់​លេខ1 ប្រចាំ​ព្រឹត្តិការណ៍ Australian Open នៅ​សប្តាហ៍​ក្រោយ ខណៈដែល​ម្ចាស់​ជើងឯក​ពានរង្វាន់ធំៗ 23សម័យកាល Serena Williams ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ16 ក្នុង​វិញ្ញាសា​ផ្នែក​នារី។

Djokovic នឹង​ឈរ​ពីលើ​គូប្រជែង​ដ៏​ខ្លាំង​របស់ខ្លួន Rafael Nadal និង​ម្ចាស់​ការពារ​តំណែង​ជើងឯក Roger Federer ស្រប​ពេលដែល​កីឡាករ​វ័យក្មេង Alexander Zverev ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 ប្រចាំ​ព្រឹត្តិការណ៍ ខណៈ​រូបគេ​សម្លឹង​រក​ការ​ឈ្នះ​ពាន​កម្មវិធី Grand Slam ជា​លើក​ទី1។

កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី Djokovic កំពុងតែ​សម្លឹង​រក​ការបង្កើត​ប្រវត្តិសាស្ត្រ​តាមរយៈ​ការ​ឈ្នះ​ពាន Australian Open ជា​លើក​ទី7 នៅពេលដែល​យុទ្ធនាការ​នេះ​ចាប់ផ្តើម​នៅ​ទីលាន Melbourne Park នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ខណៈ​កីឡាករ​ជើងចាស់​សញ្ជាតិ​ស្វ៊ី​ស Federer ក៏​សម្លឹង​រក​ការ​ឈ្នះ​ពាន​ជា​លើក​ទី7 ដូចគ្នា​ដែរ។

ជើង​ខ្លាំង​ទាំង2 នឹងត្រូវ​ប៉ះ​ការ​ប្រជែង​ដ៏​ខ្លាំងក្លា​មួយ​ពី Zverev ដែលជា​ជើង​ខ្លាំង​ជំនាន់​ក្រោយ ប៉ុន្តែ​មកទល់ពេលនេះ មិនទាន់​ឆ្លង​ផុត​វគ្គ 8នាក់​ចុងក្រោយ​នៅឡើយ​ទេ​ក្នុង​យុទ្ធនាការ​ដ៏​ធំ​មួយ។

កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ5 ក្នុង​ពិភពលោក Juan Martin del Potro នឹងត្រូវ​អវត្តមាន​ដោយសារតែ​របួស ខណៈ​កីឡាករ​អាហ្វ្រិក​ខាងត្បូង Kevin Anderson ត្រូវ​បានផ្តល់​ចំណាត់ថ្នាក់​លេខ5 ប្រចាំ​ព្រឹត្តិការណ៍ ស្របពេល​ម្ចាស់​ជើងឯក​រង​កាលពី​ឆ្នាំមុន Marin Cilic ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ6។

Halep ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ1 ប្រចាំ​ព្រឹត្តិការណ៍​ក្នុង​វិញ្ញាសា​នារី ដោយ​ផ្អែកទៅលើ​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក​របស់​នាង៕

ប្រភពពី៖ Channel News Asia

Advertisement