គ្រូបង្វឹក៖ Serena ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ឈ្នះពាន Grand Slam ជាលើក​ទី​1 ក្នុងនាម​ជា​​ម្តាយម្នាក់

កីឡា​ការិនី​វាយកូនបាល់ Serena Williams បាន​ត្រៀម​ខ្លួន​រួច​រាល់ហើយ​សម្រាប់ការ​ឈ្នះពាន​កម្មវិធី Grand Slam ជាលើក​ទី​1 ​របស់​នាងក្នុង​នាម​ជាម្តាយ​ម្នាក់ ក្រោយពី​បាន​ធ្វើ​ដំណើរ​​ទៅប្រកួត​ក្នុងព្រឹត្តិការណ៍ Australian Open ក្នុង​លក្ខខណ្ឌ​ដ៏ល្អ​បំផុត​របស់​នាង ចាប់​តាំងពីការ​​​វិល​ពីសម្រាកពី​មាតុ​ភាព​។ នេះ​​បើយោង​តាម​​គ្រូបង្វឹក​របស់​នាង​​ គឺ​លោក Patrick Mouratoglou​​។

គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​លោក Mouratoglou ដែល​បាន​ជួយ​ឱ្យ Serena ឈ្នះ​ពាន​ 10​លើក​ចុងក្រោយ​​ក្នុង​ចំណោម​ពាន Grand Slam 23 ​​របស់​នាង​នោះ មាន​អារម្មណ៍​ថា កីឡា​​ការិនី​សញ្ជាតិអាមេរិក​រូបនេះ បាន​ស្ថិតក្នុង​ភាព​រឹងមាំ​គួរ​សមហើយ នៅពេល​ដែល​នាង​បាន​ឈាន​ទៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃព្រឹត្តិ​ការណ៍ Wimbledon និង US Open កាលពី​ឆ្នាំមុន​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ភាព​រឹងមាំ​របស់​នាង​ចាប់​តាំងពីពេលនោះមក បា​ន​ឈាន​ដល់​កម្រិត​ដ៏​គួរ​ឱ្យ​កត់សម្គាល់ ហើយ​កំណត់ត្រា​នៃការ​ឈ្នះពាន Grand Slam ចំនួន​ 24 ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​កីឡា​ការិនី Margaret Court អាច​នឹង​​ត្រូវ​តាម​ស្មើ​នៅ​លើ​ទីលាន Melbourne Park​។ នេះ​បើយោង​តាម​ការ​អះ​អាង​​របស់​លោក Mouratoglou​។

លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ក្នុង​សម្ភាស​មួយ​ថា៖ «ដំបូង​ឡើយ កាលពី​ឆ្នាំមុន នាង​បាន​បង្កើត​ការ​ខិត​ខំព្យា​យាម​ដ៏អស្ចារ្យមួយ ដើម្បី​វិល​ទៅកាន់​​ភាព​ខ្លាំង​បំផុត ក្រោយពី​បាន​សម្រាលកូន ហើយ​​នាង​បាន​វិល​ទៅ​រកភាពខ្លាំង​យ៉ាង​ឆាប់​រហ័ស​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «នាង​មាន​បញ្ហា​​ជាច្រើន​ទាក់​ទងនឹង​សុខភាព ក្រោយពី​សម្រាល​កូន​ ប៉ុន្តែនាង​​ពិត​ជា​មិន​បាន​ស្ថិត​ក្នុង​កម្រិត​ខ្លាំង​ 100​ភាគ​រយ​ឡើយ​។ នាង​បាន​ឈាន​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ 2​លើកក្នុង Grand Slam​​។ នាង​បាន​បង្ហាញពីភាព​រឹងមាំ​។ ប៉ុន្តែ ពេលនេះ​នាង​មាន​ភាព​រឹងមាំវិញ​ហើយ​​»​៕

Advertisement