Chelsea យល់​ព្រម​ខ្ចី​ជើង Higuain ពីក្លិប Juventus

MILAN, ITALY - OCTOBER 07: Gonzalo Higuain of AC Milan celebrates after scoring the opening goal during the Serie A match between AC Milan and Chievo Verona at Stadio Giuseppe Meazza on October 7, 2018 in Milan, Italy. (Photo by Marco Luzzani/Getty Images)

ក្លិប​​តោ​ខៀវ Chelsea បាន​យល់​ព្រម​លើ​ការ​ផ្ទេរ​មួយ​ជាមួយ​នឹងក្លិប Juventus​ ដើម្បី​ចុះ​​ហត្ថ​លេខា​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ Gonzalo Higuain ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង រហូត​ដល់​​បញ្ចប់​រដូវ​កាល​នេះ​។ នេះបើយោង​​តាម​បណ្តាញ​សារ​ព័ត៌​មាន Sky ក្នុង​ប្រទេស​អ៊ី​តាលី​។

វា​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ការ​ខ្ចី​ជើង​​នេះ អាចនឹង​ត្រូវ​បន្ត​សម្រាប់​រយៈពេល​ 12​ខែ​ទៀត ប្រសិន​បើ​មាន​​លក្ខខណ្ឌ​ជាក់​លាក់​ផ្សេង​ៗ​។ Higuain បាន​ស្ថិ​តក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​​ជាមួយ​នឹងក្លិប AC Milan ពីក្លិប Juventus ចាប់​តាំងពី​ដើម​រដូវកាល​នេះ ជា​មួយ​នឹង​ជម្រើស​ទិញ​យក​ដាច់​កាលពី​​ចុង​រដូវកាល​មុន​​។

លោក Maurizio Sarri គ្រូ​បង្វឹក​របស់​ក្រុម Chelsea ត្រូវ​បាន​គេ​យល់​ឃើញ​ថា ចង់​នាំយក Higuain ទៅកាន់​កីឡដ្ឋាន Stamford Bridge បើ​ទោះ​បី​ជាមាន​កង្វល់​ផ្សេង​ៗ​ពី​ក្រុម​ប្រឹក្សា​ក្លិប​ក៏ដោយ​។ បើយោង​តាម​បណ្តាញ​សារ​ព័ត៌​មាន Sky ក្នុង​​ប្រទេស​អ៊ី​​តាលី លោក​ស្រី Marina Granovskaia នាយក​ប្រតិ​បត្តិ​ក្លិប Chelsea នៅ​តែមិន​ជឿជាក់​ថា Higuain គឺ​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​តំបន់​​ប្រយុទ្ធ​របស់​ក្លិប​នេះ​។​

Higuain បាន​ចូល​លេងក្នុងនាម​ជាកីឡាករ​បម្រុង​រយៈពេល​ 20​នាទី​ចុងក្រោយ​ក្នុង​ពេលក្រុម AC Milan ចាញ់​ក្រុម Juventus 1-០ ក្នុង​ការប្រកួត​ដណ្តើម​​ពាន Super Cup របស់​​អ៊ី​តាលី នៅ​អា​រ៉ាប៊ី​សា​អ៊ូឌីត​។

កាលពី​ចុង​សប្តាហ៍មុន លោក GennaroGattuso ហាក់​បានប្រកាស​ថា Higuain ចង់​ចេញពីកីឡដ្ឋាន San Siro តាម​រយៈ​ការ​និយាយ​ថា៖ «នៅពេល​ដែល​កីឡាករម្នាក់​សម្រេច​ចិត្ត​របស់​គេហើយ វាពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​បញ្ចុះ​បញ្ចូល​​ឱ្យ​កីឡាករ​រូបនោះ​បន្តនៅ​ជាមួយយើងទៀត»​​៕

Advertisement