Shiotani រក​បាន​គ្រាប់​បាល់​ឈ្នះ ខណៈ​ក្រុម​កែ​ទម្រង់​ថ្មី ជប៉ុន ផ្តួល អ៊ូស​បេ​គីស្ថាន

ខ្សែ​ប្រយុទ្ធ Tsukasa Shiotani រក​បាន​គ្រាប់​បាល់​ឈ្នះ​នៅ​ដើម​តង់​ទី​2 ខណៈ​ដែលក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​ផ្លាស់​ប្តូរ​​កីឡាករ​ 10​នាក់ ប៉ុន្តែនៅ​តែ​បាន​ផ្តួលក្រុម​​ជម្រើស​ជាតិ​អ៊ូស​បេ​គីស្ថាន 2-1 ដើម្បី​បញ្ចប់​ដោយ​ការ​ឈរ​​លេខ​1 ​ក្នុង​ពូល​​របស់​ពួកគេ ក្នុង​យុទ្ធ​នាការ Asian Cup កាល​ពីថ្ងៃ​ព្រហស្បតិ៍​។

ការ​ផ្លាស់​​ប្តូរ​កីឡាករ​ដ៏ច្រើន​​នេះ បាន​ធ្វើ​ឱ្យ​​ជប៉ុន របូត​គ្រាប់​បាល់​​ក្នុង​រយៈពេល​ដ៏ខ្លី ក្រោយពី​ការរក​គ្រាប់បាល់​បើកឆាក​របស់​កីឡាករ EldorShomurodov​ ប៉ុន្តែ គ្រាប់បាល់​តែត​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ Yoshinori Muto របស់​ក្លិប Newcastle United និង​គ្រាប់​បាល់​​បញ្ចូល​ទី​យ៉ាងល្អ​របស់ Shiotani បាន​ជួយ​ឱ្យ​ជប៉ុន ដណ្តើម​បាន​ជ័យ​ជម្នះ​ជាលើក​ទី​3 របស់​ពួកគេ ក្នុង​វគ្គ​ចែកពូល​។

ស្រប​ពេល​ជាមួយ​គ្នា ក្នុង​ពូល​ដូច​គ្នានេះ ក្រុម​ជម្រើស​ជាតិ​អូម៉ង់ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2គ្រាប់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ ដើម្បី​ផ្តួល​ក្រុម​ជម្រើស​ជាតិ​តួក​មេនីស្ថាន 3-1 និង​​ឈាន​ទៅ​វគ្គ​បន្ត​ក្នុងនាម​ជាក្រុមមួយ​ក្នុង​ចំណោម​ក្រុម​ឈរ​លេខ​3 ​មានពិន្ទុខ្ពស់​ជាង​គេ​បំផុត ពី​ក្រោយ​ក្រុម​ជប៉ុន និង​អ៊ូស​បេគីស្ថាន​។ ក្នុង​​វគ្គ​ 16ក្រុម​ចុងក្រោយ ក្រុម​ជម្រើស​ជាតិ​ជប៉ុន នឹង​​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​​អា​រ៉ា​ប៊ី​សា​អ៊ូឌីត ដែល​បាន​រង​បរា​ជ័យ 2-០ ក្រោមស្នា​ដៃក្រុម​កាតា ក្នុងការ​ប្រកួត​ពូល E ស្រ​បពេល​ដែល​​អ៊ូស​បេ​គីស្ថាន នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម​ម្ចាស់​ការពារ​តំណែង​ជើង​ឯកអូ​ស្ត្រាលី​។

លោក Hajime Moriyasu គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​ជប៉ុន បា​ន​ឱ្យ​ដឹង​ថា៖ «កីឡាករ​សម្រេច​បាន​នូវ​គោល​ដៅមួយ​ក្នុង​​ចំណោម​គោល​ដៅ​របស់​យើង ពោល​គឺ​ការ​ឈាន​ទៅ​វគ្គ​បន្ត ជាមួយ​នឹងការ​ឈ្នះ​ 3លើក និង​ការ​ឈរ​នៅ​លើកំពូល​តារាង​»​​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​មិន​បាន​ប្រថុយ​ជាមួយ​នឹងការផ្លាស់​ប្តូរ​កីឡាករ​ 10​នាក់នោះ​ឡើយ​ តែខ្ញុំ​ចង់ប្រើប្រាស់​កីឡាករ​ទាំង​​នោះ​នៅ​ថ្ងៃនេះ​»​៕

ប្រភពពី៖ Channel News Asia

Advertisement