Serena ទម្លាក់ Halep ខណៈ Djokovic ទៅ​ជួប Nishikori

កីឡាការិនី​វាយ​កូន​បាល់ Serena Williams បាន​យកឈ្នះ​លើ​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក Simona Halep កាលពី​ថ្ងៃ​ចន្ទ ខណៈដែល​នាង​បាន​បន្តដំណើរ​ឆ្ពោះទៅ​កាន់ការ​ឈ្នះ​ពាន Grand Slam ជា​លើក​ទី24 ស្រប​ពេលដែល​កីឡាករ Novak Djokovic បាន​សង្គ្រោះ​ក្នុងការ​ប្រកួត​មួយ​ដើម្បី​ស្ថិត​ក្នុងការ​ប្រជែង​ដណ្តើមពាន Australian Open ជា​លើក​ទី7 របស់គេ។

ក្នុងការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងរឹងមាំ កីឡាការិនី​អាមេរិក​រូបនេះ បាន​កត់ត្រា​ជ័យជម្នះ​ដ៏​ធំ​បំផុត​របស់​នាង ចាប់តាំងពី​សម្រាល​បុត្រ​រួច ដើម្បី​យកឈ្នះ​លើ Halep របស់​រ៉ូ​ម៉ា​នី ក្នុង​លទ្ធផល 6-1 4-6 និង6-4 និង​ឈានទៅ​វគ្គ 8នាក់​ចុងក្រោយ ដើម្បី​ជួប​ជាមួយនឹង​កីឡាការិនី Karolina Pliskova។

Pliskova របស់​ឆែក គឺជា​កីឡាការិនី​កំពុងស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​ល្អ​ម្នាក់ទៀត ដែល​បានឈ្នះ​ពាន​កម្តៅ​សាច់ដុំ Brisbane International និង​យកឈ្នះ​លើ​កីឡាការិនី Garbine Muguruza ដោយ​ក្នុង​លទ្ធផល 6-3 និង 6-1 ដើម្បី​ឈានទៅ​ជួប Serena។

ក្រោយពី​ការប្រកួត​ដ៏​ស្វិតស្វាញ Serena បានឱ្យដឹងថា៖ «ខ្ញុំ​ដូចជា​អ្នក​ប្រយុទ្ធ​ម្នាក់​អ៊ីចឹង។ ខ្ញុំ​មិន​បោះបង់ចោល​ឡើយ។ វា​ជាការ​ប្រកួត​ដ៏​ស្វិតស្វាញ ហើយ​មាន​ពិន្ទុ​ដ៏​មិនគួរ​ឱ្យ​ជឿ ប៉ុន្តែ ខ្ញុំ​ស្រឡាញ់​ការលេង​កីឡា​វាយ​កូន​បាល់ និង​ស្ថិត​នៅទីនេះ ហើយ​ខ្ញុំ​ពេញចិត្ត​ទីលាន​នេះ។ វា​ពិតជា​រំភើប​ណាស់​ក្នុង​ការវិល​ត្រឡប់មក​វិញ»។

ជាមួយគ្នានេះ កីឡាករ​ជប៉ុន Kei Nishikori បាន​ផ្តួល Pablo CarrenoBusta របស់​អេ​ស្ប៉ា​ញ ក្នុង​លទ្ធផល 6-7 (8/10) 4-6, 7-6, 6-4 និង7-6 (10/8) ក្នុងការ​ប្រកួត 5ម៉ោង និង5នាទី ដើម្បី​ទៅ​ជួប Djokovic ដែល​បាន​ផ្តួល Daniil Medvedev 6-4, 6-7 (5/7) 6-2 និង6-3៕

Advertisement