គ្រូបង្វឹក​អារ៉ាប៊ីសាអ៊ូឌីត លាលែង​ពី​តំណែង ខណៈ​ជប៉ុន អូស្ត្រាលី និង​អេ​មី​រ៉ា​ត អារ៉ាប់​រួម ទៅ​វគ្គ​បន្ត

January 22, 2019​ ម៉ោង 9:38 am

ក្រោយពី​ការធ្លាក់​ចេញ​យ៉ាង​ខកចិត្ត​ពី​យុទ្ធនាការ AFC Asian Cup ឆ្នាំ2019 លោក Juan Antonio Pizzi គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អារ៉ាប៊ីសាអ៊ូឌីត បាន​លាលែង​ពី​តំណែង​របស់លោក​កាលពី​ថ្ងៃ​ចន្ទ។

ក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី បាន​ចាញ់​ក្នុង​លទ្ធផល 1-0 ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ជប៉ុន ក្នុង​វគ្គ16ក្រុម​ចុងក្រោយ ហើយ​លោក Pizzi បានបង្ហាញ​ពី​ការសម្រេចចិត្ត​របស់លោក​ក្នុងការ​ចាកចេញភ្លាមៗ ដែរ​បន្ទាប់ពី​ការប្រកួត​នោះ។

លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «ខ្ញុំ​ពិតជា​រីករាយ និង​ដឹងគុណ​ដល់​កីឡាករ​របស់ខ្ញុំ ពួកគេ​បានធ្វើ​អ្វីដែល​ខ្ញុំ​បានស្នើ​សុំឱ្យ​ធ្វើ។ ពិតណាស់ យើង​បាន​ប្រព្រឹត្ត​កំហុស​មួយចំនួន ប៉ុន្តែ​យើង​នឹង​រៀន​ពី​កំហុស​ទាំងនោះ»។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ការងារ​របស់ខ្ញុំ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ គឺ​បញ្ចប់​ហើយ គ្មាន​នរណាម្នាក់​បាន​និយាយ​ជាមួយនឹង​ខ្ញុំ​ពី​ការបន្ត​កុងត្រា​ថ្មី​ឡើយ។ ខ្ញុំ​នៅតែ​មិនដឹង​ពី​ការ​ប្រជែង​បន្ទាប់​នោះឡើយ»។

ក្រុម​ជម្រើសជាតិ​ជប៉ុន ដែល​ម្ចាស់​ជើងឯក Asian Cup 4សម័យកាល នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​វគ្គ 8ក្រុម​ចុងក្រោយ ដើម្បី​ជួប​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​អាស៊ីអាគ្នេយ៍ វៀតណាម បើទោះបី​មិនបាន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន​ក្នុង​យុទ្ធនាការ​នេះ​ក៏ដោយ។

ក្រុម​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត អារ៉ាប់​រួម បានបញ្ចប់​ដំណើរ​ផ្សងព្រេង​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​គៀ​ហ្ស៊ី​គី​ស្ថាន ជាមួយនឹង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស​នៅ​នាទី​បន្ថែម 15នាទី 2ដង ដើម្បី​ឈានទៅ​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Asian Cup កាលពី​ថ្ងៃ​ចន្ទ។

ជាមួយគ្នានេះ អ្នកចាំទី Mathew Ryan បាន​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី 2គ្រាប់ ខណៈដែល​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អ៊ូ​ស​បេ​គី​ស្ថាន ក្នុងការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី។ ក្រុម​ម្ចាស់ផ្ទះ អេ​មី​រ៉ា​ត អារ៉ាប់​រួម ដែល​បាន​ផ្តួល​គៀ​ហ្ស៊ី​គី​ស្ថាន 3-2 នៅ​នាទី​បន្ថែម 15នាទី 2ដង នឹងត្រូវ​ប៉ះ​ជាមួយ​អូស្ត្រាលី ក្នុង​វគ្គ 8ក្រុម​ចុងក្រោយ៕