​លោក​ ​Guardiola​ ​សរសើរ​ស្មារតី​មិន​បោះបង់​របស់​ ​Man​ ​City​ ​ក្រោយ​ផ្តួល​ ​Everton​ ​

​លោក​ ​Pep​ ​Guardiola​ ​បាន​កោតសរសើរ​ស្មារតី​មិន​ចេះ​បោះបង់ចោល​ការ​តាំងចិត្ត​របស់​ក្រុម​ ​Manchester​ ​City​ ​ខណៈ​ដែល​ក្រុម​ម្ចាស់ការ​ពារ​តំណែង​ជើងឯក​មួយ​នេះ​ ​បាន​ទម្លាក់​ក្រុម​ ​Liverpool​ ​ចេញពី​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​តាមរយៈ​ការ​យកឈ្នះ​លើ​ក្រុម​ ​Everton​ ​2​-​០​ ​កាលពី​ថ្ងៃពុធ​។​

​ ​ក្រុម​របស់​លោក​ ​Guardiola​ ​បាន​ស្ថិត​ក្នុង​គ្រោះថ្នាក់​នៃ​ការ​ដេញ​តាម​ពីក្រោយ​ក្រុម​ ​Liverpool​ ​កាន់តែ​ឆ្ងាយ​ក្នុង​ការ​ប្រជែង​ពាន​ ​ក្រោយពី​ការ​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ ​Newcastle​ ​កាលពី​សប្តាហ៍​មុន​។​ ​ ​ ​ ​ប៉ុន្តែ​ ​ក្រុម​ ​Liverpool​ ​បាន​ជួប​ការ​ខកចិត្ត​តាមរយៈ​ការ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​ ​2លើ​ក​ជាប់​ៗ​គ្នា​ ​ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ ​Leicester​ ​និង​ ​West​ ​Ham​ ​ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ ​Man​ ​City​ ​វិល​ទៅកាន់​ការ​ប្រជែង​ពាន​វិញ​តែម្តង​។​

​ ​ការ​ដណ្តើម​បាន​ជ័យជម្នះ​ទាំង​ស្វិតស្វាញ​នៅ​កីឡដ្ឋាន​ ​Goodison​ ​Park​ ​ដែល​បាន​កើតឡើង​តាមរយៈ​គ្រាប់​បាល់​បញ្ចូល​ទី​របស់​កីឡាករ​ ​AymericLaporte​ ​និង​ ​Gabriel​ ​Jesus​ ​បាន​ជួយ​ឱ្យ​ក្រុម​ ​Man​ ​City​ ​ឡើងឈរ​ពីលើ​ក្រុម​ ​Liverpool​ ​តាមរយៈ​ការ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​។​

​ ​លោក​ ​Guardiola​ ​បាន​បញ្ជាក់​ថា​ ​ការ​វិលត្រឡប់​របស់​ ​Man​ ​City​ ​ទៅកាន់​កំពូល​តារាង​វិញ​ ​គឺជា​សមិទ្ធផល​មួយ​សម្រាប់​ការ​មិន​បោះបង់ចោល​ការ​តាំងចិត្ត​របស់​កីឡាករ​របស់​លោក​។​

​ ​លោក​ ​Guardiola​ ​បានឱ្យ​ដឹង​ថា​៖​ ​«​យើង​ត្រូវតែ​រីករាយ​ជាមួយនឹង​ជ័យជម្នះ​ ​2​-​០​ ​នៅ​កីឡដ្ឋាន​ ​Goodison​ ​Park​។​ ​ទាក់ទង​នឹង​ភាពរឹងមាំ​ ​យើង​មិន​បណ្តោយ​ឱ្យ​មានការ​ស៊ុត​បាល់​សំដៅ​ទី​សូម្បីតែ​ ​1លើក​។​ ​ការ​រកបាន​គ្រាប់​បាល់​នៅ​នាទី​ចុងក្រោយ​នៃ​តង់​ទី1​ ​បាន​ជួយ​ដល់​យើង​ជាច្រើន​»​។​

​ ​គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​យើង​ជា​ក្រុម​ម្ចាស់​ជើងឯក​ ​ហើយ​យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​យើង​អាច​បោះបង់ចោល​ ​ប៉ុន្តែ​វា​រឿង​នោះ​វា​មិនបាន​កើតឡើង​ឡើយ​»​៕

 

Advertisement