លោក Infantino ជា​បេក្ខ​ភាព​តែម្នាក់​គត់សម្រាប់​តំណែង​ប្រធាន FIFA ក្នុង​ការ​បោះឆ្នោត​នៅ​ខែមិថុនា

លោក Gianni Infantino ប្រធាន​ FIFA នឹង​ត្រូវ​ដឹកនាំ​ក្នុង​អាណត្តិ​ទី​2 របស់លោក ក្រោយ​ពី​​អង្គ​ភាព​គ្រប់គ្រង​កីឡា​បាល់​ទាត់​ពិភព​លោក​បាន​បញ្ជាក់​កាលពីថ្ងៃពុធ​ថា លោក​នឹងក្លាយ​ជា​បេក្ខ​ភាព​តែម្នាក់គត់​សម្រាប់​ការ​​បោះឆ្នោត​​នៅ​ខែមិថុនា ខាង​មុខនេះ​។

បុរស​វ័យ​ 48​ឆ្នាំ​រូបនេះ បាន​ធ្វើ​ជា​ប្រធាន​របស់ FIFA ចាប់​តាំងពី​ខែកុម្ភៈ ឆ្នាំ​2016 មក​ម្ល៉េះ ក្រោយពី​បាន​ចូល​ជំនួស​កន្លែង​របស់​​ប្រធាន​ដែល​ខូច​ឈ្មោះ​លោក Sepp Blatter បន្ទាប់​ពី​រឿង​អាស្រូវ​ពុក​រលួយ​ដែល​បាន​​វាយ​ប្រហារ​​ក្នុង​អង្គ​ភាព​មួយ​នេះ​។ ការ​​បោះឆ្នោត​នឹង​​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​5 ខែមិថុនា ក្នុង​ទីក្រុង​ប៉ា​រីស នៅមុន​ពេល​ព្រឹត្តិការណ៍ World Cup។ លោក Ramon Vega អតីត​ខ្សែ​​ការ​ពារ​របស់​ក្លិប Tottenham បានប្រកាស​ពី​បំណង​របស់​លោក​ក្នុង​ការ​ឈរ​ឈ្មោះ​ប្រជែង​ជា​​មួយ​នឹង​លោក Infantino ប៉ុន្តែមិន​បាន​​​ទទួល​ការ​គាំទ្រ​ពី​សមា​ជិក​យ៉ាង​ហោ​ណាស់​ 5​សំឡេង ក្នុង​ចំណោម​សហ​ព័ន្ធ​ជា​សមា​ជិក​ទាំង​211​ របស់ FIFA​។

លោក Infantino បានដាក់​ចេញ​នូវ​ផែន​ការ​ក្នុង​ការ​បង្កើន​ចំនួន​ក្រុម​ក្នុង​ព្រឹត្តិការណ៍ World Cup ពី​ 32​ក្រុម រហូត​ដល់​​ 48​ក្រុម ចាប់​ពីឆ្នាំ​2026 ខណៈ​ដែល​ការ​ពង្រីក​ចំនួន​ក្រុម​ចាប់​ពី​​យុទ្ធនាការឆ្នាំ​2022 ក្នុង​ប្រទេស​កាតា ក៏ស្ថិតក្នុង​ការ​ពិចារណា​ផងដែរ​។ ការ​សម្រេច​ចិត្តមួយ​ត្រូវ​បាន​គេរំពឹង​ទុក​​ថា នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែមីនា ឆ្នាំក្រោយ ក្រោយពី​ការ​សិក្សា​មួយ​ទៅលើ​ភាព​ដែល​អាច​ទៅរួចនៃ​ការ​រៀប​ចំ​យុទ្ធ​នាការ​ដែល​មាន​ការ​បន្ថែម​ក្រុម​មួយ ក្នុង​ប្រទេស​ឈូង​សមុទ្រ​មួយនេះ​៕

Advertisement