កូរ៉េ​ទាំង​ ​2​ ​ជាមួយ​ ​IOC​ ​នឹង​ពិភាក្សា​គ្នា​លើ​ការ​បញ្ជូន​ក្រុម​រួមគ្នា​សម្រាប់​អូឡាំពិក​តូក្យូ​ ​ឆ្នាំ2020​

​រដ្ឋមន្ត្រី​កីឡា​របស់​ប្រទេស​កូរ៉េខាងជើង​ ​និង​ខាងត្បូង​ ​នឹង​ត្រូវ​ជួប​ប្រជុំ​ជាមួយ​ប្រធាន​អូឡាំពិក​លោក​ ​Thomas​ ​Bach​ ​ទាក់ទង​នឹង​ប្រធានបទ​ក្នុង​ការប្រើ​ប្រាស់​ក្រុមកីឡា​ករ​រួមគ្នា​ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំពិក​នាទី​ក្រុង​តូក្យូ​ ​ឆ្នាំ2020​។​ ​នេះ​បើ​យោង​តាម​ការប្រកាស​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ ​(​ICO​)​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ ​ការពិភាក្សា​គ្នា​នេះ​ ​កើតឡើង​ក្រោយពី​ប្រទេស​កូរ៉េ​ខាង​ទាំង2​ ​បាន​ដើរ​ជា​ក្បួន​ក្រោម​ទង់ជាតិ​រួមគ្នា​មួយ​ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំពិក​រដូវរងា​ ​ឆ្នាំ2018​ ​ដែល​នៅពេល​នោះ​ពួកគេ​ក៏បាន​បញ្ជូន​ក្រុមកីឡា​ករ​ហុក​ឃី​លើទឹក​កក​ ​ផ្នែក​នារី​រួមគ្នា​ផង​ដែរ​។​
​ ​
​ ​ក្រុម​នារី​ទាំងនោះ​ ​បាន​បង្កើត​ឱ្យ​មានការ​អារម្មណ៍​យ៉ាង​ខ្លាំង​ដល់​បណ្តាញ​សារព័ត៌មាន​ ​បើ​ទោះបីជា​ចាញ់​រាល់​ការប្រកួត​ទាំង​ ​5លើក​ ​ក្នុង​លទ្ធផល​រួមគ្នា​ ​28​-​2​ ​ក៏ដោយ​។​
​ ​
​ ​កាលពី​ខែមករា​ ​សហព័ន្ធ​កីឡា​ហុក​ឃី​អន្តរជាតិ​ ​(​FIH​)​ ​បាន​ចាត់ទុក​ការ​បង្រួបបង្រួម​នេះ​ថា​ ​ជា​គំរូ​ជា​វិជ្ជមាន​មួយ​ក្នុង​វិស័យ​កីឡា​ ​ដែល​ដើរតួ​ជា​ភ្នាក់ងារ​មួយ​សម្រាប់​សន្តិភាព​ ​និង​បាន​បញ្ជាក់​ថា​ ​ខ្លួន​នឹង​ជំរុញ​ឱ្យ​មានការ​បង្កើត​ក្រុមកីឡា​ហុក​ឃី​របស់​កូរ៉េ​រួមគ្នា​ទៀត​ ​សម្រាប់​ព្រឹត្តិ​ការណ៍​របស់​ ​FIH​ ​ទៅ​ថ្ងៃ​អនាគត​ ​ជាពិសេស​ ​ព្រឹត្តិ​ការណ៍​អូឡាំពិក​ ​ទីក្រុង​តូក្យូ​ ​ឆ្នាំ2020​។​

​ ​លោក​ ​Bach​ ​បាន​បញ្ជាក់​ថា​ ​ក្រោយពី​ទទួល​បាន​ជោគជ័យ​ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំពិក​រដូវរងា​ ​ទីក្រុង​ ​Pyeongchang​ ​ឆ្នាំ2018​ ​កិច្ចប្រជុំ​មួយ​ ​នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី15​ ​ខែកុម្ភៈ​ ​ខាងមុខនេះ​ ​នៅ​ឯ​ទីស្នាក់ការ​កណ្តាល​របស់​ ​IOC​ ​ក្នុង​ទីក្រុង​ ​Lausanne​ ​រវាង​អត្តពលិក​មក​ពី​ប្រទេស​ទាំងសងខាង​ ​ដើម្បី​ធ្វើការ​ជា​ក្រុម​ ​ក្នុង​ការពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​កីឡា​ទៅ​ថ្ងៃ​អនាគត​៕​ ​

Advertisement