Arsenal​ ​ចាញ់​ក្រោម​ស្នាដៃ​ ​BATE​ ​ខណៈ​ ​Chelsea​ ​ឈ្នះ​ទាំង​ប្រផិតប្រផើយ​

​ក្រុម​ ​Arsenal​ ​នឹង​ត្រូវ​ជួប​ការ​លំបាក​ដ៏​ធំ​មួយ​ក្នុង​ការ​ប្រជែង​យក​កៅអី​ទៅ​វគ្គ​បន្ត​នៃ​ក្របខ័ណ្ឌ​ ​Europa​ ​League​ ​ក្រោយពី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល​ ​1​-​០​ ​ក្រោម​ស្នាដៃ​ក្រុម​ ​BATE​ ​Borisov​ ​ក្នុង​ការប្រកួត​វគ្គ​ ​32ក្រុម​ចុងក្រោយ​ ​ជើង​ទី1​ ​ស្រប​ពេល​ដែល​ខ្សែប្រយុទ្ធ​ ​Alexandre​ ​Lacazette​ ​បាន​រង​ពិន័យ​កាត​ក្រហម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​កីឡាករ​ ​Stanislav​ ​Dragun​ ​បាន​ជួយ​ឱ្យ​ក្រុម​ ​BATE​ ​រកបាន​គ្រាប់​បាល់​មុន​ ​នៅមុន​ពេល​បញ្ចប់​តង់​ទី1​ ​ក្នុង​ទីក្រុង​ ​Barysaw​ ​ហើយ​ក្រុម​ ​Arsenal​ ​មិនបាន​ដាក់​សម្ពាធ​ខ្លាំង​ក្នុង​ការ​វាយបក​វិញ​ឡើយ​ ​ខណៈ​ដែល​ការ​ពិន័យ​កាត​ក្រហម​ទៅលើ​ ​Lacazette​ ​នៅ​ជិត​បញ្ចប់​ការប្រកួត​ ​នឹង​ធ្វើ​ឱ្យ​រូបគេ​អវត្តមាន​ក្នុង​ការប្រកួត​ជើង​ទី2​ ​នៅ​សប្តាហ៍​ក្រោយ​នា​កីឡដ្ឋាន​ ​Emirates​។​

​បច្ចុប្បន្ន​ក្រុម​របស់​លោក​ ​Unai​ ​Emery​ ​ឈ្នះ​ត្រឹមតែ​ ​2ប្រកួត​គត់​ក្នុងចំណោម​ការប្រកួត​ក្រៅ​ទឹកដី​ ​89លើក​ចុងក្រោយ​របស់​ពួកគេ​ ​ហើយ​ការ​ឈ្នះ​ទាំង​ ​2លើក​នោះ​ ​បាន​កើតឡើង​លើទឹក​ដី​ក្រុម​ ​Huddersfield​ ​ក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​កាលពី​សប្តាហ៍​មុន​ ​និង​លើទឹក​ដី​ក្រុម​ ​Blackpool​ ​ក្នុង​ពាន​ ​FA​ ​Cup​។​

​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​Chelsea​ ​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ ​2​-​1​ ​នៅ​លើទឹក​ដី​ក្រុម​ ​Malmo​ ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ ​Europa​ ​League​ ​វគ្គ​ ​32ក្រុម​ចុងក្រោយ​ ​ជើង​ទី1​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​ទៅលើ​គ្រូបង្វឹក​លោក​ ​Maurizio​ ​Sarri​។​

​ក្រុម​ភ្ញៀវ​ ​Chelsea​ ​ត្រូវតែ​ធ្វើការ​ស្តារ​មុខមាត់​វិញ​ ​ក្រោយពី​ការ​រង​បរាជ័យ​ក្រៅ​ទឹកដី​ដ៏​អាម៉ាស់​ចំនួន​ ​2លើ​ក​ជាប់​ៗ​គ្នា​ ​ខណៈ​ដែល​ការ​បរាជ័យ​ក្នុង​លទ្ធផល​ ​6​-​០​ ​ក្រោម​ស្នាដៃ​ក្រុម​ ​Manchester​ ​City​ ​កាលពី​ថ្ងៃអាទិត្យ​ ​បាន​កើតឡើង​ ​បន្ទាប់ពី​ការ​ចាញ់​ ​4​-​០​ ​នៅ​លើទឹក​ដី​ក្រុម​ ​Bournemouth​។​

​លោក​ ​Sarri​ ​បាន​ប្រាប់​បណ្តញ​សារព័ត៌មាន​ ​BT​ ​Sport​ ​ថា​៖​ ​«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ ​ពីព្រោះ​យើង​បាន​លេង​ជាមួយនឹង​ការ​ជឿជាក់​ ​ហើយ​វា​មិន​ងាយស្រួល​ឡើយ​ ​ក្រោយពី​ការ​ចាញ់​ក្នុង​ការប្រកួត​ចុងក្រោយ​ក្រោម​ស្នាដៃ​ក្រុម​ ​Man​ ​City​»​៕​ ​
​ប្រភព​ពី​៖​ ​worldsoccertalk​

Advertisement