Ronaldo​ ​ត្រៀម​រួចរាល់​ក្នុង​ការ​ស្រង់​ក្តី​សង្ឃឹម​របស់​ ​Juventus​ ​ពេល​ជួប​ ​Atletico​ ​រាត្រី​នេះ​ ​

​ក្តី​សង្ឃឹម​ក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​របស់​ក្រុម​ ​Juventus​ ​កំពុងតែ​ស្ថិត​ក្នុង​ដៃ​របស់​ខ្សែប្រយុទ្ធ​ ​Cristiano​ ​Ronaldo​ ​ហើយ​ដើម្បី​បំពេញ​ការ​វាយបក​ដ៏​មិន​នឹកស្មាន​ដល់​មួយផ្សេងទៀត​ ​ខណៈ​ដែល​ក្រុម​របស់​អ៊ីតាលី​មួយ​នេះ​កំពុង​ដេញ​តាម​ ​2​-​០ពីក្រោយ​ក្រុម​ខ្លាំង​ក្នុង​តំបន់​ការពារ​ ​Atletico​ ​Madrid​ ​មុននឹង​ឈាន​ទៅកាន់​ការប្រកួត​ជើង​ទី2​ ​វគ្គ​ ​16ក្រុម​ចុងក្រោយ​ ​ក្នុង​ទីក្រុង​ ​Turin​ ​នៅ​រាត្រី​នេះ​។​

​ ​នៅមុន​ពេល​ការប្រកួត​នា​កីឡដ្ឋាន​ ​Allianz​ ​តារា​ឆ្នើម​ ​Ronaldo​ ​បាន​ប្រាប់​ទូរទស្សន៍​របស់​ ​Juventus​ ​ថា​៖​ ​«​យើង​មិនបាន​រំពឹង​ទុក​ពី​ការ​ចាញ់​កាលពី​ជើង​ទី1​ ​ដល់ទៅ​ ​2​-​០​ ​នោះ​ឡើយ​ ​ប៉ុន្តែ​អ្វី​ៗ​ក៏អាច​កើតឡើង​បាន​ដែរ​ ​ហើយ​យើង​ចង់​ផ្តល់​ការ​ឆ្លើយតប​ដ៏​អស្ចារ្យ​មួយ​នៅ​លើទឹក​ដី​របស់​យើង​ ​ពីមុខ​អ្នកគាំទ្រ​របស់​យើង​»​។​

​ ​ខ្សែប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖​ ​«​នេះ​គឺជា​រាត្រី​ដ៏​អស្ចារ្យ​ ​ការប្រកួត​ដ៏​រំភើប​ ​ក្នុង​រាត្រី​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​។​ ​ក្រុម​នេះ​ ​មានការ​ជឿជាក់​ក្នុង​ការប្រកួត​ដ៏​អស្ចារ្យ​មួយ​ ​ហើយ​ខ្ញុំ​ក៏​អ៊ីចឹង​ដែរ​។​ ​ចំពោះ​អ្នកគាំទ្រ​ ​ខ្ញុំ​អាច​និយាយ​បាន​ថា​ ​ចូរ​គិត​បែប​វិជ្ជមាន​ ​និង​ជឿជាក់​ទាំងអស់គ្នា​។​ ​ខ្ញុំ​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការ​វិលត្រឡប់​មកវិញ​»​។​

​ ​ក្រុម​ម្ចាស់​ជើងឯក​ ​Juventus​ ​បាន​ទិញ​យក​ ​Ronaldo​ ​កាលពី​រដូវ​ក្តៅ​មុន​ ​ពី​ក្លិប​ ​Real​ ​Madrid​ ​ក្នុង​តម្លៃ​ខ្លួន100លាន​អឺ​រ៉ូ​ ​(​ស្មើនឹង​ ​117លាន​ដុល្លារ​អាមេរិក​)​ ​ដើម្បី​បញ្ចប់​ការ​ខកចិត្ត​របស់​ពួកគេ​ក្នុង​ ​Champions​ ​League​ ​ក្នុងរយៈពេល​ ​23ឆ្នាំ​ចុងក្រោយ​នេះ​។​

​ ​ជាមួយគ្នា​នេះ​ ​លោក​ ​Diego​ ​Simeone​ ​គ្រូបង្វឹក​របស់​ក្រុម​ ​Atletico​ ​Madrid​ ​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា​ ​ក្រុម​ ​Juventus​ ​មិនមែន​មានតែ​ខ្សែប្រយុទ្ធ​ ​Ronaldo​ ​ម្នាក់​នោះ​ឡើយ​ ​ប៉ុន្តែ​ក្រុម​អេស្ប៉ាញ​របស់​លោក​នឹង​សម្លឹង​រក​ការ​ដណ្តើម​យក​ឱកាស​របស់​ខ្លួន​ ​ក្នុង​ទីក្រុង​ ​Turin​ ​នៅ​រាត្រី​នេះ​។​

​ ​លោក​ ​Simeone​ ​បានឱ្យ​ដឹង​ថា​៖​ ​«​អ្នក​មិន​អាច​និយាយ​តែ​ពី​ ​Ronaldo​ ​បាន​ឡើយ​ ​ព្រោះ​ ​Juventus​ ​ជា​ក្រុម​ដ៏​អស្ចារ្យ​មួយ​ ​មាន​កីឡា​ករ​ឆ្នើម​ៗ​ជាច្រើន​ ​ដែល​ស៊ាំ​ទៅ​នឹង​ការ​ប្រជែង​ក្នុង​ដំណាក់កាល​ដ៏​សំ​ខាន់​ៗ​ ​ប៉ុន្តែ​ ​យើង​នឹង​ត្រូវតែ​ដណ្តើម​យក​ឱ​កាស​ផ្សេង​ៗ​ ​និង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​របស់​យើង​»​៕​





Advertisement