Ronaldo​ ​បង្កើត​អភិ​និ​ហារ​ដើម្បី​ជួយ​ ​Juventus​ ​ខណៈ​ ​Man​ ​City​ ​លត់​ ​Schalke​ ​យ៉ាង​ចាស់ដៃ​

​ខ្សែប្រយុទ្ធ​ ​Cristiano​ ​Ronaldo​ ​បាន​ជួយ​ឱ្យ​ក្រុម​ ​Juventus​ ​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​កាលពី​ថ្ងៃអង្គារ​ ​តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ ​3គ្រាប់​ ​ដើម្បី​ជួយ​ឱ្យ​ក្រុម​របស់​ខ្លួន​លុបចោល​គ្រាប់​បាល់​ដេញ​តាម​ពីក្រោយ​ ​2គ្រាប់​ ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ ​Atletico​ ​Madrid​។​

តារា​ឆ្នើម​អន្តរជាតិ​ព័រទុយហ្គាល់​រូប​នេះ​ ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ដោយ​ក្បាល​របស់​គេ​នៅក្នុង​តង់​នី​មួយ​ៗ​ ​ហើយនិង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ ​1គ្រាប់​ទៀត​នៅពេល​ជិត​បញ្ចប់​ការប្រកួត​នោះ​ ​បាន​ជួយ​ឱ្យ​ក្រុម​របស់​គេ​ឈ្នះ​បាន​សិទ្ធិ​ទៅកាន់​ការ​ចាប់ឆ្នោត​នៅ​ថ្ងៃសុក្រ​ ​ស្រប​ពេល​ដែល​ក្រុម​យក្ស​អ៊ីតាលី​ ​Juventus​ ​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​រឹងមាំ​ក្នុង​ទីក្រុង​ ​Turin​ ​ដើម្បី​ដណ្តើម​បាន​ជ័យជម្នះ​ដ៏​រំភើប​ក្នុង​លទ្ធផល​ ​3​-​០​។​

​ក្រោយពី​ក្រុម​របស់​គេ​បាន​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​ជាមួយនឹង​លទ្ធផល​ឈ្នះ​ទាំង​ ​2ជើង​ ​3​-​2​ ​រួចមក​ ​Ronaldo​ ​បានឱ្យ​ដឹង​ថា​៖​ ​«​វា​តែងតែ​ក្លាយជា​រាត្រី​ដ៏​ពិសេស​មួយ​ ​ហើយ​វា​មិនមែន​ត្រឹមតែ​ជា​ការ​រកបាន​គ្រាប់​បាល់​សម្រាប់​ខ្ញុំ​នោះ​ឡើយ​ ​ប៉ុន្តែ​សម្រាប់​ក្រុម​ទាំងមូល​។​ ​នេះ​គឺជា​ស្មារតី​នៃ​ក្រុម​ម្ចាស់​ជើងឯក​។​ ​នេះ​គឺជា​មូលហេតុ​ដែល​ ​Juventus​ ​បាន​ទិញ​ខ្ញុំ​ ​ដើម្បី​ជួយ​ឱ្យ​បង្កើត​រាត្រី​ដ៏​អភិ​និ​ហារ​បែបនេះ​»​។​

​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ក្រុម​ ​Manchester​ ​City​ ​បាន​ធ្វើដំណើរ​ទៅកាន់​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​យ៉ាង​ងាយ​កាលពី​ថ្ងៃអង្គារ​ ​ខណៈ​ដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ ​2គ្រាប់​របស់​ខ្សែប្រយុទ្ធ​ ​Sergio​ ​Aguero​ ​បាន​ជួយ​ឱ្យ​ក្រុម​របស់​គេ​ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល​ ​7​-​០​ ​លើ​ក្រុម​ ​Schalke​ ​ក្នុង​វគ្គ​ ​16ក្រុម​ចុងក្រោយ​នៅ​ជើង​ទី២​។​

Man​ ​City​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​នៅ​ជិត​បញ្ចប់​ការប្រកួត​ដើម្បី​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ ​3​-​2​ ​ហើយ​ពួកគេ​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​មុត​ស្រួច​ក្នុង​តំបន់​ប្រយុទ្ធ​នា​កីឡដ្ឋាន​ ​Etihad​ ​ដើម្បី​ដណ្តើម​បាន​ជ័យជម្នះ​ទាំង​ ​2ជើង​ក្នុង​លទ្ធផល​ ​10​-​2​។​

លោក​ ​Pep​ ​Guardiola​ ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ ​Manchester​ ​City​ ​បាន​ប្រាប់​ទូរទស្សន៍​ ​BT​ ​Sport​ ​ថា​៖​ ​«​វា​ជា​លទ្ធផល​ច្បាស់លាស់​មួយ​។​ ​យើង​ពិតជា​រីករាយ​ណាស់​ក្នុង​ការ​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​»​៕​

Advertisement