Federer​ ​និង​ ​Nadal​ ​ឈាន​ទៅ​វគ្គ​ ​8នាក់​ចុងក្រោយ​នៃ​ ​Indian​ ​Wells​

March 14, 2019​ ម៉ោង 9:48 am

​អតីត​ម្ចាស់​ជើងឯក​ ​Roger​ ​Federer​ ​និង​ ​Rafael​ ​Nadal​ ​បាន​ខិត​ទៅកាន់​តែ​កៀក​សម្រាប់​ការ​ជួបគ្នា​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ក្នុង​ព្រឹត្តិ​ការណ៍​ ​ATP​ ​Indian​ ​Wells​ ​Masters​ ​កាលពី​ថ្ងៃពុធ​ ​តាមរយៈ​ការ​យកឈ្នះ​ក្នុង​ការប្រកួត​ជុំ​ទី៤របស់​ពួក​គេ​រៀង​ៗ​ខ្លួន​។​

​ ​កីឡាករ​វាយ​កូន​បាល់​មាន​ចំណាត់ថ្នាក់​លេខ2​ ​ក្នុង​ពិភពលោក​ ​Nadal​ ​បាន​យកឈ្នះ​លើ​កីឡាករ​ស៊ែ​ប៊ី​ ​Filip​ ​Krajinovic​ ​ក្នុង​លទ្ធផល​ ​6​-​3​ ​និង6​-​4​ ​ដើម្បី​កក់​កៅអី​របស់​គេ​ទៅកាន់​វគ្គ​ ​8នាក់​ចុងក្រោយ​ ​ក្នុងរយៈពេល​ ​1ម៉ោង​ ​និង26នាទី​។​

​ ​Federer​ ​ដែល​សម្លឹង​រក​ការ​ឈ្នះ​ពាន​ជា​លើក​ទី6​ ​របស់​ខ្លួន​នៅ​លើ​ទីលាន​នៃ​រដ្ឋ​ ​California​ ​នោះ​ ​បាន​ចំណាយពេល​ត្រឹមតែ​ ​64នាទី​ប៉ុណ្ណោះ​ក្នុង​ការ​យកឈ្នះ​លើ​កីឡាករ​ចក្រភព​អង់គ្លេស​ ​Kyle​ ​Edmund​ ​ក្នុង​លទ្ធផល​ ​6​-​1​ ​និង6​-​4​។​
​ ​Nadal​ ​បាន​និយាយ​ថា​ ​ការ​បង្ហាញ​ពី​ទម្រង់​លេង​របស់​គេ​នៅ​លើ​ទីលាន​ដែល​មាន​ខ្យល់បក់​ខ្លាំង​ ​មិនល្អ​ដូច​ក្នុង​ពេល​រូបគេ​បាន​យកឈ្នះ​លើ​កីឡាករ​អាហ្សង់ទីន​ ​Diego​ ​Schwartzman​ ​ក្នុង​លទ្ធផល​ ​6​-​3​ ​និង6​-​1​ ​ក្នុង​ការប្រកួត​កាលពី​ជុំ​ទី3​ ​នោះ​ឡើយ​។​ ​ប៉ុន្តែ​ ​រូបគេ​នៅតែ​មាន​ភាព​ខ្លាំង​ពីលើ​កីឡាករ​ ​Krajinovic​ ​ដោយ​បាន​ដាក់​សម្ពាធ​ក្នុង​ការប្រកួត​ទាំង​ ​2សិត​។​

​ ​Nadal​ ​ដែល​បាន​ឈ្នះ​ពាន​ ​Indian​ ​Wells​ ​ក្នុង​ឆ្នាំ2007​ ​2008​ ​និង​ឆ្នាំ2013នោះ​ ​បាន​ឈាន​ទៅ​វគ្គ​ ​8នាក់​ចុងក្រោយ​ជា​លើក​ទី1​ ​ក្នុងរយៈពេល​ ​3ឆ្នាំ​ ​ក្រោយពី​បាន​អវត្តមាន​ក្នុង​ការប្រកួត​កាលពី​ឆ្នាំមុន​ ​ខណៈ​ដែល​រូបគេ​បាន​អវត្តមាន​ទាំង​ក្នុង​ការប្រកួត​ ​Indian​ ​Wells​ ​និង​ ​Miami​ ​Masters​ ​ដោយសារតែ​របួស​ចង្កេះ​។​
​ ​រូបគេ​នឹង​ត្រូវ​ជួប​ជាមួយនឹង​កីឡាករ​រុស្ស៊ី​ ​Karen​ ​Khachanov​ ​ដែល​បាន​យកឈ្នះ​លើ​កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ3​ ​ក្នុង​ពិភពលោក​ ​John​ ​Isner​ ​ក្នុង​លទ្ធផល​ ​6​-​4​ ​និង7​-​6​ ​(​7​/​1​)​៕​ ​