Aubameyang សង្គ្រោះ Arsenal ខណៈ Chelsea លត់ Dynamo Kiev យ៉ាងដំណំ

Arsenal បាន​ឈាន​ទៅ​វគ្គ​ 1/4 ផ្តាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ​អឺ​រ៉ុប តាម​រយៈ​​​ការ​ស្រោច​ស្រង់​ពីការ​ចាញ់​ឡើងវិញក្នុង​ការ​ប្រកួត​ជើង​ទី​​1 3-1 ដើម្បី​ផ្តួល​ក្រុម Rennes ក្នុងលទ្ធផល 3-0 និង​ឈាន​ទៅ​វគ្គ​ 8​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Europa League នា​កីឡដ្ឋាន Emirates កាលពីថ្ងៃព្រហស្បតិ៍​​។

ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់​ ហើយ​ក៏​បាន​ជួយ​ឱ្យ Ainsley Maitland-Niles រក​បាន​គ្រាប់​បាល់​ផងដែរ ខណៈ​ដែលក្រុម Arsenal បាន​ចូលរួម​ជា​មួយ​នឹងក្រុម Chelsea ក្នុង​ការ​ចាប់​ឆ្នោត​​​នៅ​ថ្ងៃ​សុក្រ​នេះ សម្រាប់​ការ​ប្រកួត​វគ្គ​ 8​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Europa League​។

ជ័យ​ជម្នះនេះ បានកើត​ឡើង ក្រោយពី​ក្រុម Liverpool, Manchester City, Manchester United និងTottenham សុទ្ធ​សឹង​បាន​ឈាន​ទៅដល់​វគ្គ​ 8ក្រុម​ចុង​ក្រោយ​នៃក្រប​ខ័ណ្ឌ Champions League​​​។

ការ​ឈ្នះពានក្រប​ខ័ណ្ឌ Europa League នឹង​ជួយ​ឱ្យក្រុម Arsenal មាន​សុវត្ថិ​ភាព​ក្នុង​ការ​ឈ្នះកៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Champions League ប្រសិន​បើ​ពួក​គេ​ខក​ខាន​ក្នុង​ការ​ប្រជែង​ដណ្តើម​លេខ​4 នៅ​លើតារាង Premier League​។

ប៉ុន្តែ លោក​គ្រូបង្វឹក​នៃក្រុម​កាំភ្លើង​ធំ Unai Emery ដែល​បាន​ឈ្នះពាន Europa League 3លើក​ក្នុង​នាម​ជាគ្រូបង្វឹក Sevillaនោះ ក៏​ចង់​បាន​​ពាន​មួយក្នុង​រដូវកាល​ទី​1 ​របស់​​លោក​ក្នុងនាម​ជាគ្រូបង្វឹក​ផងដែរ​។

គ្រូបង្វឹក​សញ្ជាតិ​​អេ​ស្ប៉ាញ​​រូបនេះ​បាន​ឱ្យ​ដឹងថា៖ «វា​មិន​មែន​ត្រឹម​តែ​អាច​ជួយ​ឱ្យ​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត Champions League ប៉ុណ្ណោះទេ  ប៉ុន្តែវា​ក៏​ជា​ពាន​មួយ​ផងដែរ ហើយ​យើង​អាច​មានអារម្មណ៍​ថា អាច​នឹងឈ្នះ​បានពាន​ 1​ទៀត​»​។

ស្រប​ពេល​ជាមួយ​គ្នានេះ ខ្សែ​ប្រយុទ្ធ Olivier Giroud បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 3​គ្រាប់ ខណៈ​ដែលក្រុម Chelsea បាន​ឈាន​​ទៅ​វគ្គ ​8​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Europa League តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ទាំង​ 2​ជើង​លើ​ក្រុម Dynamo Kiev ក្នុងលទ្ធផល 8-០​​៕

Advertisement