Bencic ទៅវគ្គ 1/2 ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Indian Wells

កីឡា​ការិនី​វាយកូន​បាល់ Belinda Bencic បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​មួយផ្សេង​ទៀត តាម​រយៈ​ការ​ទម្លាក់​កីឡា​ការិនី​ចំណាត់​ថ្នាក់​លេខ​5​ ក្នុង​ពិភព​លោក Karolina Pliskova ក្នុងលទ្ធ​ផល 6-3 4-6 និង​6-3 កាលពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ឈាន​ទៅ​​កាន់​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​​​នៃ​ព្រឹត្តិការណ៍ BNP Paribas Open ក្នុង​ការ​ប្រកួត Indian Wells​។

កីឡា​ការិនី​សញ្ជាតិ​ស្វ៊ីស​វ័យ​ 22ឆ្នាំ​ដែលធ្លាប់បាន​ទម្លាក់​កីឡា​ការិនីចំណាត់ថ្នាក់​លេខ​1 ​ក្នុងពិភព​លោក ម្ចាស់​​ការ​ពារ​តំណែង​ជើង Naomi Osaka របស់​ជប៉ុន កាលពីថ្ងៃ​អង្គាររួចមកហើយនោះ បាន​​វាយ​សេវា​យ៉ាងល្អ​ដែល​ធ្វើ​ឱ្យ Pliskova មិន​អាច​វាយ​ត្រឡប់​ទៅវិញបាន ដើម្បី​បំពេញ​ជ័យ​ជម្នះ​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​នៃរដ្ឋ California តែម្តង​។

Bencic គួរ​តែ​អាច​ជួប​ការ​ប្រកួត​​​ងាយ​ស្រួល​ជាង​នេះ នៅ​ពេល​ជួប​ជាមួយ​នឹងកីឡា​ការិនី​សញ្ជាតិ​ឆែក​រូបនេះ ប៉ុន្តែ​នាងបាន​ខ្ជះ​ខ្ជាយ​ឱកាសល្អ​​ដល់​ 4លើក ក្នុង​ចំណោម​ឱកាសល្អ​នៃការ​រក​ពិន្ទុ​កាត់​សេចក្តី​ចំនួន​ 16​លើក​។

ប៉ុន្តែ​ កីឡា​​ការិនី​រូបនេះ​បាន​ទប់​ទល់​យ៉ាងល្អ​ទៅ​នឹង​ការ​វាយ​​សេវា​ដ៏ខ្លាំង​របស់​ Pliskova ខណៈ​ដែល​នាង​បាន​កត់ត្រា​ជ័យជម្នះ​ជាលើក​ទី​12 ​របស់​នាង​ បើ​គិត​ចាប់​តាំងពី​​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងព្រឹត្តិការណ៍ Dubai Duty Free Tennis Championships កាលពី​ខែមុន​។

ទាក់​ទង​នឹង​Pliskova ដែល​ជា​មិត្ត​ភ័ក្តិ និង​ជា​ដៃគូ​​ហ្វឹកហាត់​របស់​ខ្លួន​ កីឡា​ការិនី ​Bencic បាន​ឱ្យ​ដឹង​ថា៖ «គាត់​ដឹង​ថា គាត់​អាច​វាយ​សេវា​យ៉ាងខ្លាំង និង​លេង​បាន​យ៉ាងល្អ​។ ពិតណាស់ ផែន​ការ​របស់​ខ្ញុំ​គឺ​ការ​ព្យា​យាម​ធ្វើ​ឱ្យ​គាត់​មានការ​លំបាក​ និង​ព្យា​យាម​ការ​ពារ​ឱ្យ​បាន​ល្អ ក៏ដូច​ជា​ព្យា​យាម​​គ្រប់គ្រង នៅពេល​ដែល​ខ្ញុំ​​មាន​ឱកាស​»​៕

Advertisement