Costa រកបាន២គ្រាប់ ដើម្បីជួយឲ្យ Chelsea ពង្រឹងការនាំមុខលើកំពូលតារាង

ខ្សែ​ប្រយុទ្ធ Diego Costa បាន​បញ្ចប់​ការ​មិន​អាច​រក​​​គ្រាប់​បាល់ប​ញ្ចូល​ទី​​របស់​គេ​ត្រឹម​៦​ប្រកួត​ដើម្បី​ជួយ​ឲ្យ​ក្រុម​តោ​ខៀវ Chelsea បោះ​ជំ​ហាន​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​ពាន​​ក្រប​ខ័ណ្ឌ Premier League ក្រោយ​ពី​ពួក​គេ​បាន​កត់​ត្រា​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​ក្នុង​លទ្ធ​ផល ៤-២ លើ​ក្រុម Southampton កាល​ពី​ថ្ងៃ​អង្គារ​។

Costa បាន​ប្រើ​​ក្បាល​រក​​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទី​​​នៅ​នាទី ទី​៥៣ ដើម្បី​ជួយ​ឲ្យ​ក្រុម​​ Chelsea នាំ​មុខ​៧​ពិន្ទុ​ដាច់​ជា​បណ្តោះ​​អាស​ន្ន​លើ​ក្រុម​​ឈរ​លេខ​២ Tottenham ខណៈ​ដែលក្រុម​​មាន់​ខ្នាយ​មាស​របស់​លោក Mauricio Pochettino ចាំ​បាច់​ត្រូវ​តែ​ដណ្តើម​យក​ជ័យ​ជម្នះ​​​នៅ​លើ​ទឹក​ដីក្រុម Crystal Palace នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​។ ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​អេ​ស្ប៉ាញ​រូប​នេះ បាន​រក​គ្រាប់​បាល់​ទី​២​របស់​គេ​នៅ​​រយៈ​ពេល​ប៉ុន្មាន​នាទី​​ចុង​ក្រោយ ក្រោយ​ពី​បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​​យ៉ាង​ល្អ​របស់​អ្នក​ចាំ​ទី Fraser Forster​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ម្ចាស់​ផ្ទះ​ក៏​បាន​ជួប​នូវ​ការ​ភិត​ភ័យ​​ផង​​ដែរ ក្រោយ​ពី​ខ្សែ​បម្រើ Oriol Romeu បាន​រក​​គ្រាប់​បាល់​​តាម​ស្មើ​​គ្រាប់​បាល់​របស់​ Eden Hazard ហើយ​ក្រុម​តោ​ខៀវ ហាក់​ដូច​ជា​ធ្លាក់​ចូល​ក្នុង​បញ្ហា​។

ប៉ុន្តែ ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Costa និង​​ខ្សែ​ការ​ពារ Gary Cahill នៅ​ជិត​បញ្ចប់​តង់​ទី​១ បាន​​ជួយ​ឲ្យ​ក្រុម Chelsea វិល​ទៅកាន់​ទី​តាំង​យ៉ាង​​កក់​ក្តៅ ដើម្បី​រក្សា​ធ្វើ​ឲ្យ​លោក Antonio Conte ស្ថិត​នៅ​លើ​ផ្លូវ​​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​ពាន​២​ក្នុង​រដូវកាល​តែ​​មួយ​។ ខ្សែ​ការ​ពារ Ryan Bertrand បាន​វាយ​បក​បាន​​មួយ​​គ្រាប់​វិញ​សម្រាប់​ក្រុម​ភ្ញៀវ Southampton នៅ​ជិត​​បញ្ចប់​ការ​ប្រកួត​។ លោក Conte ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea បាន​ឲ្យ​ដឹង​ថា៖ «នៅ​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​តែ​​ពេញ​ចិត្ត​ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កីឡាករ​របស់​ខ្ញុំ​។ វា​មិន​ងាយ​ស្រួល​ឡើយ ក្រោយ​ពី​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ជា​មួយ​នឹង​ក្រុម Tottenham​។ យើង​ត្រូវ​តែ​មាន​ការ​ជឿ​ជាក់​សម្រាប់​អនា​គត​។ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​​​មើល​ទៅលើ​ខ្លួន​ឯង និង​មិន​មើល​ទៅ​លើ​ក្រុម​ផ្សេង​ៗ​ដូច​ជា Spurs​»​​​៕

ប្រភព​៖ Mirror

Advertisement