លោក Wenger៖ Arsenal ត្រូវតែបង្ហាញភាពខ្លាំងពេលប៉ះ Leicester រាត្រីនេះ

លោក Arsene Wenger បាន​បញ្ជាក់​ថា ក្រុម​ Arsenal របស់​លោក នឹង​ត្រូវ​តែ​ប្រយុទ្ធ​ដូច​មនុស្ស​ឆ្កួត​អ៊ី​ចឹង ដើម្បី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន​នៅ​លើ​តារាង​នៃ​ក្រប​ខ័ណ្ឌ Premier League​។

ក្រុម​កាំ​ភ្លើង​ធំ​មួយ​នេះ នឹង​ត្រូវ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម Leicester នា​កីឡដ្ឋាន Emirates នា​រាត្រី​​ថ្ងៃ​ពុធ​នេះ ដែល​ជា​ការ​ប្រកួត​​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​​​ដែល​ពួក​គេ​នៅ​សល់​ច្រើន​ជាង​​គូ​ប្រកួត​របស់​ពួក​គេ​សម្រាប់​ការ​ប្រជែង​យក​កៅអី​ក្នុង​ក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ​។ លោក Wenger គ្រូ​បង្វឹក​របស់​ក្រុម Arsenal បាន​ទទួល​ស្គាល់​​ថា ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​ការ​​ប្រកួត​ពាន FA Cup ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ការ​ផ្លាស់​ប្តូរ​ដោយ​​ការ​ដាក់​កីឡាករ​បី​នាក់​ឲ្យ​លេង​ក្នុង​តំបន់​ការ​ពារ បានផ្លាស់​ប្តូរ​ស្មារតី​របស់​ក្រុម ធ្វើ​ឲ្យ​ពួកគេ​ការ​ពារ​កាន់​តែ​រឹង​មាំ និង​បាន​ផ្តល់​ឲ្យ​ពួ​ក​គេ​នូវ​ការ​ជឿ​ជាក់​ជា​ថ្មី ក្រោយ​ពី​​ទទួល​បានលទ្ធ ផល​មិន​ល្អ​ជា​បន្ត​បន្ទាប់​។

លោក Wenger បាន​ឲ្យ​ដឹង​ថា​៖ «អ្វី​ដែល​​ត្រូវ​ធ្វើ​​គឺ​ការ​ផ្តោត​ទៅ​លើ​កីឡាករ ខណៈ​ដែល​ពួក​គេ​ត្រូវ​តែ​រឹង​មាំ និង​បំភ្លេច​ការ​ហេវ​អត់​របស់ខ្លួន​»​។ គ្រូ​បង្វឹក​រូប​នេះ​បាន​ប្រាប់​បន្ត​ថា៖​ «ពេល​ខ្លះ​នៅពេល​ដែល​ក្រុម​មួយ​ធ្វើ​មិន​បាន​ល្អ គ្រាន់​តែ​​ផ្តោត​ទៅ​លើ​អ្វី​ដែល​ផ្សេង​គ្នា​ក៏​ជួយ​ធ្វើ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​ផងដែរ​។ យើង​​បាន​ដឹង​ថា យើង​ត្រូវ​តែ​ប្រយុទ្ធ​ដូច​មនុស្ស​ឆ្កួត​អ៊ី​ចឹង ដើម្បី​វិល​ទៅ​រក​​​ភាព​ខ្លាំង និង​​ឈ្នះ​ការ​ប្រកួត​របស់​យើង​​»​។ Arsenal នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នៅ​រាត្រី​នេះ​ជា​មួយ​នឹង​ជ័យ​ជម្នះ​២​លើក ស្មើ​២​លើក និង​ចាញ់​១​លើក ហើយ​ពួក​គេ​ចាញ់​តែ​១​លើក​គត់​ពី​ការ​ប្រកួត​ក្នុង​ផ្ទះខ្លួន​ឯង​៥​លើក​​ចុង​ក្រោយ​របស់​ពួក​គេ​។ ដោយ​ឡែក ក្រុម Leicester បាន​កត់​ត្រា​ជ័យ​ជម្នះ​តែ​១​លើក​គត់​​ពី​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​ស្មើ​២​លើក និង​ចាញ់​២​លើក​។ ក្រុម​ម្ចាស់​ជើង​​ឯក​របស់​អង់គ្លេស​មួយ​នេះ ក៏​ដណ្តើម​បាន​ជ័យ​ជម្នះ​តែ​មួយ​លើក​​ផងដែរ ពី​ការ​ប្រកួត​ក្រៅ​ដី​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​»​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១:៤៥​ទៀប​ភ្លឺ​៕

ប្រភព​ពី៖ Mirror

Advertisement