Everton ផ្តួល Chelsea ដើម្បី​ផ្តល់​ការ​​​បារម្ភ​ដល់​លោក Sarri

លោក Maurizio Sarri បាន​ជួប​ការខក​ចិត្តកាលពីថ្ងៃ​អាទិត្យ ខណៈ​​ដែល​ការ​បង្ហាញពី​ទម្រង់​លេង​​មិន​បានល្អ​នៅ​តង់​ទី​២​​របស់​ក្រុម Chelsea ​របស់​លោក បាន​ធ្វើ​​​ឱ្យពួក​គេរ​ង​បរាជ័យ​ក្នុងលទ្ធផល 2-០ លើ​ទឹក​ដីក្រុម Everton ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League​។

ខ្សែ​បម្រើ​ប្រយុទ្ធ Richarlison និង​ Gylfi Sigurdsson សុទ្ធ​សឹង​រក​បាន​គ្រាប់​បាល់​នៅ​តង់​ទី​2 នា​កីឡដ្ឋាន Goodison Park កាលពីថ្ងៃ​អាទិត្យ ដើម្បី​​បញ្ចប់​ការ​វិល​​ទៅ​រក​ភាព​ខ្លាំង​វិញ​របស់​ក្រុម Chelsea នា​ពេលថ្មី​ៗ​នេះ និង​​​ជួយ​ឱ្យ​ក្រុម Everton ដណ្តើម​​បាន​ជ័យ​ជម្នះ​ជាលើក​ទី​1 ​របស់​ពួក​គេ​ក្នុង​ពេល​ប្រកួត​ជាមួយ​នឹងក្រុម​​ខ្លាំង​ទាំង​6 ក្នុង​ចំណោម​ការ​ប្រកួត​ 26​លើក បើ​គិត​ចាប់​តាំងពី​ខែមករា ឆ្នាំ​2017​។

តារាឆ្នើម​ប្រេស៊ីល Richarlison បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅនាទីទី​49 នៅ​មុន​ពេល Sigurdsson បានបន្ថែម​គ្រាប់​បាល់​ 1​គ្រាប់​ទៀត ដើម្បី​បំពេញ​ជ័យជម្នះ​សម្រាប់​ក្រុម​ខ្លួន​លើក្រុម​ខ្លាំង​ទាំង​ 6​ ជា​លើកទី​1 បើគិត​ចាប់​តាំងពី​ខែមករា ឆ្នាំ​2017 មក​។

លោក Sarriបាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​បារម្ភពី​ស្មារតី​ប្រកួត​។ ខ្ញុំ​គិត​ថា ស្ថាន​ភាព​​មាន​ភាព​ច្បាស់​លាស់​។ យើង​​លេង​បាន​យ៉ាងល្អនៅ​រយៈ​ពេល​ 45​នាទីដំបូង ប៉ុន្តែភ្លាម​ៗ​ នៅ​ដើម​តង់​ទី​2 សុខៗស្រាប់តែយើង​បាន​ឈប់​លេង​។ ខ្ញុំ​មិន​ដឹង​ថា មកពីហេតុ​អ្វី​ឡើយ​»​។

គ្រូបង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូបនេះ​បាន​​បន្ថែម​ទៀត​ថា៖ «យើង​លេង​បាន​យ៉ាងល្អ​​រហូត​ដល់​នាទី​ចុងក្រោយ​នៃ​តង់​ទី1 ហើយ​បន្ទាប់​មក ស្រាប់តែលេង​​យ៉ាង​អន់​ភ្លាម​ៗតែម្ដង​នៅ​នាទី​ដំបូង​នៃ​តង់​ទី​2​»​​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Liverpool បាន​ឡើង​ឈរ​ពី​លើ​ក្រុម Manchester City នៅលើ​កំពូល​តារាងនៃក្រប​ខ័ណ្ឌ Premier League ប៉ុន្តែត្រូវ​ការ​​គ្រាប់​បាល់​ប៉េណាល់​ទី​ 1​គ្រាប់​ពីសំណាក់​ខ្សែ​បម្រើ James Milner នៅ​រយៈ​ពេល​ 9នាទី​ចុង​ក្រោយ ដើម្បី​ផ្តួល​ក្រុម Fulhamក្នុងលទ្ធ​ផល 2-1នៅ​លើ​ទឹកដីក្រុម Craven Cottage កាលពីថ្ងៃ​អាទិត្យ​​៕

Advertisement