McIlroy ផ្តួល Furyk ដើម្បី​ឈ្នះពាន Players Championship

កីឡាករ​វាយកូន​គោល Rory McIlroy បាន​អប​អរ​ទិវា Saint Patrick’s Day តាម​រយៈ​ការ​ឈ្នះ​ដោយ​ការ​នាំមុខ​ 1​ឈើ​ក្នុងព្រឹត្តិការណ៍ The Players Championship កាលពីថ្ងៃ​អាទិត្យ ក្រោយ​​ពី​រក​បាន​ 70ពិន្ទុ ដើម្បី​ឈ្នះ​ពាន​ជាលើក​ទី​1 ​របស់​គេ​ក្នុងឆ្នាំ​2019​។

កីឡាករ​វាយកូន​គោល​សញ្ជាតិ​អៀរ​ឡង់​ខាង​ជើង​វ័យ​ 29ឆ្នាំ​រូបនេះ ចាប់​ផ្តើម​​មិន​បានល្អ​ឡើយ​នៅ​លើ​ទីលាន TPC Sawgrass មុន​នឹង​វិល​ទៅ​រក​ទម្រង់​លេង​យ៉ាងល្អ​របស់​គេ​តាម​រយៈ​ការ​បញ្ជូន​​កូនគោល​បញ្ចូល​រន្ធ​ជា​បន្ត​បន្ទាប់ ដើម្បី​ផ្តួល​កីឡាករ​ជើង​ចាស់​អាមេរិក Jim Furyk​។

Furyk ធ្វើ​បានយ៉ាងល្អ​ក្នុងការ​ប្រកួត​នៅជុំ​ចុងក្រោយ តាម​រយៈ​ការ​រក​បាន​ 67​ពិន្ទុ ក្រោយពី​​បាន​វាយ​កូនគោល​បញ្ចូល​រន្ធ​ចំនួន​ 5​លើក​ជាប់​ៗ​គ្នា​។

ជ័យ​ជម្នះ​នេះបាន​ជួ​យ​ឱ្យ​កីឡាករ McIlroy ឈ្នះ​ប្រាក់រ​ង្វាន់​សរុប​ចំនួន ​2.25​លា​ន​ដុល្លារ​អាមេរិក ហើយ​នេះ​​គឺ​ជា​ការ​ត្រៀម​លក្ខណៈ​បាន​យ៉ាងល្អ​ឥ​តខ្ចោះ​របស់​គេ​សម្រាប់​ព្រឹត្តិការណ៍ The Masters នៅ Augusta នា​ខែក្រោយ​នេះ ខណៈ​រូប​គេ​មាន​​បំណង​ចង់​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​ទាំង​4 ​របស់​​កីឡា​វាយកូន​គោល​។

វា​​បាន​ក្លាយ​ជា​ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​មួយ​ផ្សេង​ទៀត​ពីសំណាក់ McIlroy ដែល​​អាច​ជម្នះ​រាល់​ឧប​សគ្គ​ផ្សេង​ៗ​ក្នុង​ដំណាក់​កាល​ដ៏សំខាន់​កាលពីថ្ងៃអាទិត្យ​ ដើម្បី​រក្សា​សិទ្ធិក្នុងការ​ប្រជែង​​ពាន​។

ក្រោយពី​ដណ្តើម​បាន​ជ័យជម្នះ McIlroy បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ថា រាល់​បទពិសោធ​ទាំង​អស់​ដែល​ខ្ញុំ​​មាន​នៅ​ដើម​​​ឆ្នាំ​នេះ បាន​ជួយ​ដល់​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​កាន់​តែ​ជឿជាក់​ក្នុង​ពេល​ប្រកួត​។ ខ្ញុំ​បាន​ចាប់​ផ្តើម​ការ​ប្រកួត​ទាំង​ភាព​អត់​ធ្មត់​តាម​ដែល​ខ្ញុំ​អាច​។ ខ្ញុំ​សង្ឃឹម​ថា ប្រសិន​បើ​ខ្ញុំ​បាន​រក្សា​ភាព​អត់​ធ្មត់​គ្រប់គ្រា និង​រង់​ចាំ​ឱកាស​របស់​ខ្ញុំ នោះ​អ្វី​ៗ​នឹង​មាន​ភាពល្អ​ប្រសើរ​ឡើង ហើយ​ខ្ញុំ​ពិត​ជា​រីក​រាយណាស់​​»​៕ ប្រភព​ពី៖ Channel News Asia

Advertisement