UEFA ស៊ើប​អង្កេត​លើ Ronaldo ជុំ​វិញ​ការ​អប​អរ​មិន​សមរម្យ

សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ប្រចាំ​ទ្វីប​អឺ​រ៉ុប​ហៅកាត់​ថា UEFA បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​កាលពីថ្ងៃ​ចន្ទ ទៅលើ​ការ​អប​អរ​ក្នុងការរក​បាន​​គ្រាប់បាល់​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ក្រោយពី​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 3​គ្រាប់ក្នុង​ពេលដែលក្រុម Juventus បាន​បំពេញការ​វាយ​​បក​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ដើម្បី​យ​​ក​ឈ្នះលើក្រុម Atletico Madrid កាលពី​សប្តាហ៍មុន​។

អង្គ​ភាព​​គ្រប់គ្រង​កីឡា​បាល់​ទាត់​​ទ្វីប​អឺ​រ៉ុប បាន​បញ្ជាក់​ថា Ronaldo នឹង​ប្រឈម​មុខនឹងការ​ចោទ​ប្រកាន់​​ផ្សេង​ៗ ទៅលើ​ការ​ប្រព្រឹត្ត​​មិនស​មរម្យ ក្រោយពី​រូប​គេ​​បាន​ធ្វើ​ត្រាប់​តាម​កាយ​វិការ​ក្តោប​ពង​របស់​លោក Diego Simeone ក្នុង​ពេល​ក្រុមខ្លួន​បាន​យកឈ្នះ 3-០ កាលពីថ្ងៃ​អង្គារ ដែលនាំ​ឱ្យក្រុម Juventus ឈ្នះ​ទាំង​ 2​ជើង​ក្នុងលទ្ធ​ផល 3-2​។

ក្រោយ​ពី​​បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​កាត់​សេចក្តី​​នៅ​រយៈ​ពេល​ 4​នាទី​ចុងក្រោយ Ronaldo បាន​បែរ​ទៅ​កាន់​អ្នកគាំទ្រ​របស់ Atletico និង​ធ្វើ​ត្រាប់​តាម​កាយ​វិកា​រ​របស់​លោក Simeone ដែល​បាន​យក​ដៃ​ក្តោប​របស់​សំខាន់ ក្នុង​ពេលដែល​ក្រុម​ខ្លួនយកឈ្នះ​ 2-០ កាលពី​​ការ​ប្រកួត​ជើង​ទី​1 នៅ​អេ​ស្ប៉ាញ​។

សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុ​បហៅ​កាត់ថា UEFA នឹង​ចេញ​សេចក្តី​សម្រេច​របស់​ខ្លួន​លើ​ករណីនេះ នៅថ្ងៃ​ទី​21 ខែមីនា​។ លោក Simeone បាន​រង​ពិន័យ​ជា​ទឹក​ប្រាក់​ 2​ម៉ឺន​អឺ​រ៉ូ (ស្មើ​នឹង​ 2.26​ម៉ឺន​ដុល្លារ​អាមេរិក) សម្រាប់​ការ​​អប​អរ​របស់​លោក​។

ប៉ុន្តែ លោក Massimiliano Allegri គ្រូ​បង្វឹក​របស់​ក្រុម Juventus បាន​និយាយ​ថា លោក​ជឿជាក់​ថា Ronaldo នឹង​មិន​រង​ពិន័យ​ជា​ប្រាក់ ឬ​ក៏​ជាប់​ពិន័យ​ព្យួរ​ឡើយ​។
លោក Allegri បាន​ឱ្យដឹងថា៖ «ខ្ញុំ​គិត​ថា គ្រប់​គ្នា​បាន​អប​អរ​តាម​របៀប​របស់​ពួកគេ​នៅលើ​ទីលាន និង​នៅ​កន្លែង​អង្គុយ​។ ខ្ញុំ​មិន​បាន​ឃើញ​អ្វី​ដែល​ខុស​ប្លែក​ឡើយ ប៉ុន្តែគ្រាន់​តែ​ជា​ការអប​អរ​ប៉ុណ្ណោះ​។ វា​នឹង​មិនមា​នការ​ពិន័យ​ព្យួរអ្វី​ឡើយ​»​។
Juventus ត្រូវ​បាន​ចាប់​ឆ្នោត​ឱ្យ​ប្រកួត​ជា​មួយ​នឹងក្រុម​ហូឡង់ Ajax ក្នុង​វគ្គ​ 8ក្រុម​ចុងក្រោយ ដោយ​ត្រូវ​ប្រកួត​ 2​ជើង ហើយ​ជើង​ទី​1 ​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី​10 ខែមេសា ក្នុង​ទីក្រុង Amsterdam មុន​​នឹង​ប្រកួត​ជើង​ទី​2 នៅថ្ងៃ​ទី​16 ខែមេសា ក្នុង​ទីក្រុង Turin​​៕
ប្រភព​ពី៖ Channel News Asia

Advertisement