Alaphilippe ឈ្នះ​​ការ​ប្រណាំង​កង់ Tirreno-Adriatico ដំណាក់​កាល​ទី​6​

កីឡាករ​ប្រណាំង​កង់ Julian Alaphilippe របស់​បារាំង បាន​ឈ្នះ​ការ​ប្រណាំង​កង់​ល្បឿនលឿន​ដំណាក់​កាលទី​6 ក្នុង​ព្រឹត្តិ​ការណ៍ Tirreno-Adriatico លើ​ផ្លូវ​ចម្ងាយ​ 195​គីឡូម៉ែត្រ ពី​តំបន់ Matelica ទៅកាន់ Jesi​។
កីឡាករ​វ័យ​ 26​ឆ្នាំ​រូបនេះ បាន​​ទៅដល់​ទីមុនគេ​តាមរយៈ​ការនាំមុខ​លើ​កីឡាករ​អ៊ី​តាលី Davide Cimolai របស់​ក្រុម Israel Cycling Academy និង​កីឡាករ Elia Viviani ដែលជា​មិត្ត​រួម​ក្រុម Deceuninck-QuickStep របស់​គេ​ ខណៈ​ដែលកីឡាករ​ទាំង2នេះ ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​3 និង​លេខ​4​ តាមលំដាប់។

ក្រោយ​ពី​ដណ្តើម​បាន​ជ័យជម្នះ​ជាលើក​ទី​2 ​របស់​គេ និងបន្ទាប់​ពី​ឈ្នះ​ក្នុង​ដំណាក់​កាល​​ទី​2 កីឡាករ Alaphilippe​ បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​មិនមែន​ជា​​អ្នក​ប្រណាំង​កង់​ល្បឿនលឿ​នឡើយ ប៉ុន្តែ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ប្រើប្រាស់​ល្បឿន​បានយ៉ាងល្អ​នៅ​ថ្ងៃ​ដ៏លំបាក​បែបនេះ​។ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​ 1​​ជុំ​ទៀត Elia Viviani បាន​សួរ​ខ្ញុំ​ថា ​ខ្ញុំ​ចង់​បន្ត​​ប្រកួត​ក្នុង​ល្បឿន​លឿន ឬ​អត់​»​។

កីឡាករ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ចង់និយាយ​ថា ខ្ញុំ​នឹង​​ក្លាយ​ជា​មនុស្ស​ចុងក្រោយ​គេ​ក្នុង​ការ​នាំមុខ​​។ Max Richeze បាន​ខិត​ខំព្យា​យាម​យ៉ាង​ខ្លាំង ហើយ​​ខ្ញុំ​បាន​​រក្សា​ការ​នាំមុខ​លើ​រូប​គេរហូត​ដល់​ខ្សែ​បន្ទាត់​ទី​ចុងក្រោយ​​។ ខ្ញុំ​ពិត​ជា​រីក​រាយណាស់​ជាមួយ​នឹង​ការ​ដណ្តើម​បាន​ជ័យជម្នះ​ដ៏មិន​គួរ​ឱ្យ​ជឿ​នេះ​»​។

កីឡាករ​ចក្រ​ភព​អង់គ្លេស Adam Yates របស់​ក្រុម Mitchelton-Scott កំពុង​តែ​មានពិន្ទុ​នាំមុខគេនៅលើ​តារាងពិន្ទុ​រួម មុន​នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​លើ​ដំណាក់កាល​ចុងក្រោយ​នៅ​ថ្ងៃ​អង្គារ​នេះ​។ Yates វ័យ​ 26​ឆ្នាំ បាន​ឱ្យ​ដឹង​ថា៖ «1​គីឡូ​ម៉ែត្រ​ចុងក្រោយ ពិត​ជា​​មាន​ការ​លំបាក​​ណាស់​។ យើង​ដឹង​ថា Alaphilippe អាច​ប្រើ​ប្រាស់​ល្បឿន​យ៉ាងលឿន​លើផ្លូវ​បែបនេះ​។ កាលពី​រយៈពេល​ 2​ឆ្នាំ​មុន ខ្ញុំ​ក៏​អាច​ធ្វើ​បាន​បែប​នេះ​ផងដែរ​»​៕

Advertisement