Wilder ប្រកាស​ពី​​ការ​ការ​ពារ​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់ ជា​មួយ Breazeale

កីឡាករ​​ប្រដាល់ Deontay Wilder នឹង​ត្រូវ​ការ​ពារ​ខ្សែ​ក្រវាត់ WBC របស់​គេ​ ក្នុង​ពេល​ប្រកួត​ជាមួយ​​នឹង​កីឡាករ Dominic Breazeale នៅ​ខែ​ឧសភា ក្រោយពី​​​មិន​អាច​ឡើង​ប្រកួត​សង​សឹក​​​ជាមួយ​នឹង​កីឡាករ Tyson Fury បាន ​។ នេះ​បើយោង​​តាមការ​ប្រកាស​កាល​ពីថ្ងៃ​អង្គារ​។

ម្ចាស់​ខ្សែ​ក្រវាត់​មិនស្គាល់​ចាញ់ Wilder នឹង​ត្រូវ​ជួប​ជា​មួយ​នឹង Breazeale នៅ​ថ្ងៃ​ទី​18 ខែ​ឧស​ភា នៅលើ​សង្វៀន Barclays Centre ក្នុង​ទីក្រុង នីវ​យ៉ក ក្រោយពី​ត្រូវ​បាន​បញ្ជា​ឱ្យ​ការ​ពារ​ខ្សែក្រវាត់​របស់​ខ្លួន​ដោយ WBC កាលពី​ដើម​ខែ​នេះ​។

Wilder បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​​ក្នុង​ទីក្រុង​ នីវ​យ៉ក កាលពីថ្ងៃ​អង្គារ​ថា៖ «ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​ខ្ញុំ​ទទួល​បាន​ឱកាស​ក្នុង​ការ​​ឡើង​ប្រកួត​ស្រប​ទៅ​តាម​​ការ​ស្នើ​សុំ ពីព្រោះ​ខ្ញុំ​​គិត​អំពី​ការ​ឡើង​ប្រកួត​ ដូច​ជា​រុយ​កំពុង​តែ​ហើរ​ជុំ​វិញ​ក្បាល​របស់​ខ្ញុំ​អ៊ី​ចឹង​»​។

កីឡាករ​រូប​​នេះ​បាន​ប្រាប់​បន្ត​ថា៖ «​បញ្ហា​នោះ​រំខាន​ដល់​ខ្ញុំខ្លាំងណាស់​ ខ្ញុំ​ពិត​ជា​រវល់​មែនទែន ខ្ញុំ​មាន​រឿង​ជាច្រើន​ដែល​ខ្ញុំ​ចង់​ធ្វើ​ ខ្ញុំ​ចង់​ឡើង​ប្រកួត​ជា​មួយ​នឹង​​គេ​ ខ្ញុំ​នឹង​​វាយ​សម្លាប់​សត្វ​រុយមួយក្បាល​នេះ​ នេះ​គឺ​ជា​ការ​ប្រជែង​ផ្ទាល់​ខ្លួន​សម្រាប់​ខ្ញុំ​។ នេះ​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ​»​។

Wilder ដែល​មាន​កំណត់ត្រា​ឈ្នះ​ 40​លើក មិន​ដែល​ចាញ់ និង​ស្មើ​ 1លើក ក្នុង​នោះផ្តួល​ដៃគូ​ឱ្យ​សន្លប់ ​39​លើក​​​នោះ នឹង​ត្រូវ​​ឡើង​ការ​ពារ​ខ្សែក្រវាត់​ជាលើក​ទី​9 ​របស់គេ ដោយត្រូវជួប​ជាមួយ​កីឡាករ Breazeale ដែល​​មាន​កំណត់ត្រា​ឈ្នះ​ 20​លើក និង​ចាញ់ 1​លើក ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ផ្តួល​ឱ្យ​ដៃគូ​សន្លប់​ 18​លើក​ផ​ង​ដែរ​។

Wilder វ័យ 33ឆ្នាំ នឹង​​ស្ថិត​ជាកីឡាករ​ដែលមាន​ប្រៀប​​ខ្ពស់​ជា​ងក្នុង​ពេល​ឡើងប្រកួតការ​ពារ​ខ្សែក្រវាត់​របស់​គេ​ជាមួយនឹងកីឡាករ Breazeale ​ដោយ Breazeale បាន​សន្យា​ថា នឹង​ផ្តល់​ការ​ប្រជែង​ដ៏​ខ្លាំង​មួយ​លើ​ម្ចាស់​ការ​ពារ​ខ្សែក្រវាត់​រូប​នោះ៕

Advertisement