Alexander-Arnold ដក​ខ្លួន​ចេញពីក្រុម​អង់គ្លេស

ខ្សែ​ការ​ពារ Trent Alexander-Arnold របស់ក្រុម Liverpool បាន​ដក​ខ្លួន​ចេញពីក្រុម​ជម្រើស​ជាតិអង់គ្លេសសម្រាប់​យុទ្ធ​នាការ​ប្រកួត​ជម្រុះ Euro ឆ្នាំ​2020 ដោយសារ​តែ​របួស​ខ្នង​។

Alexander-Arnold បាន​ជួប​បញ្ហានេះ នៅមុន​ពេល​​​ប្រមូល​ផ្តុំ​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​អង់គ្លេស ហើយ​កាលពីថ្ងៃពុធ ខ្សែ​ការពារ​ស្លាប​​ស្តាំ​រូបនេះ ត្រូវ​បាន​ប្រកាស​ថា មិនអាច​ជា​សះស្បើយ​ឱ្យ​ទាន់​ពេល​​ដើម្បី​ចូល​លេង​នៅពេលប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​សា​ធារណរដ្ឋ​ឆែក និង​​ម៉ុង​តេ​​ណេ​ហ្គ្រោ​ឡើយ​។

ខ្សែ​ការ​ពារ​វ័យ​ 20​ឆ្នាំ​រូបនេះ បានវិល​ទៅ​កាន់​ក្លិប Liverpool ដើម្បី​បន្ត​​ទទួល​ការ​ព្យា​បាល​ទៅលើ​របួស​របស់​គេ ដើម្បី​ផ្តោត​លើ​ការ​ចូល​លេង​ឱ្យ​ក្រុម​កំពុងនាំមុខ​លើ​តារាងក្រ​បខ័ណ្ឌ Premier League មួយ​នេះ បន្ទាប់​ពី​​សម្រាក​សម្រាប់​ការ​ប្រកួត​អន្តរ​ជាតិរួច​។

សហ​ព័ន្ធកីឡា​បាល់​ទាត់​អង់គ្លេស (FA) បាន​ឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា៖ « Trent Alexander-Arnold បាន​ដក​ខ្លួន​ចេញ​​ពីក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​បាន​វិល​ទៅកាន់​ក្លិប Liverpool វិញ​។

ខ្សែ​ការ​ពារ​ស្លាប​ស្តាំ​រូបនេះបាន​មក​ដល់​ដោយ​មាន​របួស​ខ្នង ហើយ​បើ​ទោះ​បី​មានការ​វិវឌ្ឍ​ល្អ​ប្រសើរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​​ក៏ដោយ ក៏ប៉ុន្តែវា​ហាក់​ដូចជាមិន​អាច​ទៅ​រួច​ឡើយ​ដែល​រូប​គេ​អាច​នឹងចូលលេង​​ក្នុងការ​ប្រកួត​ជម្រុះ Euro ឆ្នាំ​2020នា​ពេល​ខាង​មុខ​នោះ​​»​។

FA បាន​បន្ថែម​ទៀត​ថា៖ «កីឡាករ​វ័យ​ 20​ឆ្នាំ​រូបនេះ បច្ចុប្បន្ន​នឹង​បន្ត​ការសម្រាក​ព្យា​បាលនៅក្នុ​ង​ក្លិប​របស់​គេ ដោយ​បាន​ចាក​ចេញពី​ក្រុម​មាន​កីឡាករ​ 22នាក់​របស់​លោក Gareth Southgate ហើយ​»​។

ក្រុម​​ជម្រើស​ជាតិ​អង់គ្លេសដែល​បាន​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍ World Cup នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម​ជម្រើស​ជាតិ​​សា​ធារណ​រដ្ឋ​ឆែកនៅថ្ងៃ​សុក្រ មុន​ពេល​ធ្វើ​ដំណើរ​ទៅកាន់​ម៉ុង​តេ​ណេ​ហ្រ្គោ សម្រាប់​ការ​ប្រកួត​ជុំ​ទី​2 ​នៃ​ពូល A នៅ​ថ្ងៃ​ចន្ទសប្តាហ៍​ក្រោយ​៕

Advertisement