Angers ឈានទៅប្រកួតពាន French Cup វគ្គផ្តាច់ព្រ័ត្រក្នុងរយៈពេល៦០ឆ្នាំ

ក្រុម Angers បាន​វិល​ទៅកាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន French Cup ជា​លើក​ទី​១ បើ​គិត​ចាប់​តាំង​ពី​ការ​បង្ហាញ​ខ្លួន​តែ​មួយ​លើក​របស់​ពួក​គេ​កាល​ពី​រយៈ​ពេល​៦០​ឆ្នាំ​មុន ក្រោយ​ពី​បានកត់​ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-០ លើ​ក្រុម Guingamp កាល​ពី​ថ្ងៃ​អង្គារ​។

លោក Stephane Moulin គ្រូ​បង្វឹក​របស់​ក្រុម Angers បាន​ឲ្យ​ដឹង​ថា៖ «យើង​​ធ្លាប់​បាន​និយាយ​ថា ការ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នឹងក្លាយ​ជា​សុបិន​មួយ ហើយ​ពាក្យ​សម្តី​ដ៏សំខាន់​នេះ បាន​ក្លាយ​ជា​ការ​ពិត​។ យើង​ធ្វើ​បាន​​សម្រេច​ទាំង​ការ​រំ​ជួល​ចិត្ត និង​រីក​រាយ​»​។ គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ «ខ្ញុំ​បាន​ប្រាប់​កីឡាករ​​កាល​ពី​យប់​មិញ​ថា ពួក​គេ​បាន​ដឹង​ពី​របៀប​ក្នុង​ការ​​ធ្វើ​ឲ្យ​ខ្លួន​ឯង​រីក​រាយ និង​​ផ្តល់​ការ​រីក​រាយ​ដល់​អ្នក​ផ្សេង​។ នោះ​គឺ​ជា​រឿង​ដ៏អស្ចារ្យ​បំផុត​ក្នុង​ជីវិត​។ យើង​​បាន​​បញ្ចប់​ការ​អវត្ត​មាន​រយៈ​ពេល​៦០​ឆ្នាំ​ពីការ​ប្រកួត​ពាន French Cup វគ្គ​ផ្តាច់​ព្រ័ត្រ​។​ វា​ពិត​ជា​អស្ចារ្យ​ណាស់​»​។

កីឡាករ Thomas Mangani បាន​រក​គ្រាប់​បាល់​បើក​ឆាក​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ នៅ​​កគីឡដ្ឋាន Raymond Kopa នៅ​​​​រយៈ​ពេល​៧​នាទី​ចុង​ក្រោយ​នៃ​​តង់​ទី​១ នៅ​មុន​ពេល​កីឡាករ Karl Toko Ekambi បាន​បំពេញ​ការ​ទទួល​ជ័យ​ជម្នះ​របស់​ក្រុម​ខ្លួន​នៅ​​នាទី​បន្ថែម​។ ក្រោយ​ពី​ចាញ់​ក្នុង​លទ្ធ​ផល ៦-៣ ក្រោម​ស្នា​ដៃក្រុម Toulouse ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពីឆ្នាំ​១៩៥៧ បច្ចុប្បន្ន Angers នឹង​​ទទួល​បាន​​ឱកាស​ជា​​​លើក​ទី​២ ដោយ​ពួក​គេ​ត្រូវ​ប៉ះ​ជា​មួយ​នឹង​ក្រុម Paris Saint-Germain ឬ Monaco ដែល​ត្រូវ​ប្រកួត​គ្នា​នេះ នៅ​កីឡ​ដ្ឋាន Parc des Princes ​នៅ​រាត្រី​ថ្ងៃ​ពុធនេះ​៕

ប្រភព​ពី៖ Reuters

Advertisement