Ronaldo​ រង​ពិន័យ​ពី​ UEFA​ ក្រោយ​ធ្វើត្រាប់​តាម​ការ​អបអរ​របស់​លោក​ Simeone​

ខ្សែប្រយុទ្ធ​ Cristiano​ Ronaldo​ របស់​ក្លិប​ Juventus​ ត្រូវ​បាន​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​ 2ម៉ឺន​អឺ​រ៉ូ​ (ស្មើនឹង​ 22.7ម៉ឺន​ដុល្លារ​អាមេរិក​) ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​ ហៅ​កាត់​ថា​ UEFA​ សម្រាប់​ការ​អបអរ​ខុសទំនង​នៅពេល​រកបាន​គ្រាប់​បាល់​ 1គ្រាប់​ ក្នុង​ពេល​ដែល​ក្រុម​ខ្លួន​បាន​យកឈ្នះ​លើ​ក្រុម​ Atletico​ Madrid​ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ Champions​ League​ វគ្គ​ 16ក្រុម​ចុងក្រោយ​ កាលពី​សប្តាហ៍​មុន​។

ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រទុយហ្គាល់​ វ័យ​ 34ឆ្នាំ​រូប​នេះ​ ហាក់​បាន​ធ្វើត្រាប់​តាម​គ្រូបង្វឹក​របស់​ក្រុម​ Atletico​ លោក​ Diego​ Simeone​ ដែល​បាន​បែរ​ទៅកាន់​អ្នកគាំទ្រ​ និង​បាន​យកដៃ​ក្តោប​ក្រលៀន​របស់​លោក​ ក្នុង​ពេល​ក្រុម​របស់​លោក​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ 2-០ កាលពី​ក្រុម​ទាំង​ 2 ប្រកួត​គ្នា​នៅ​ជើង​ទី1​។

Ronaldo​ បាន​ធ្វើកាយវិការ​បែប​នោះ​ នៅពេល​ដែល​រូបគេ​បាន​បំពេញ​ការ​រកបាន​គ្រាប់​បាល់​ 3គ្រាប់​តែម្នាក់ឯង​ ក្នុង​ការប្រកួត​ជើង​ទី2​ ដែល​ធ្វើ​ឱ្យ​ក្រុម​ Juventus​ បាន​យកឈ្នះ​ក្នុង​លទ្ធផល​ 3-០ ដើម្បី​ឈាន​ទៅ​វគ្គ​ 8ក្រុម​ចុងក្រោយ​ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ​ទាំង​ 2ជើង​ក្នុង​លទ្ធផល​ 3-2។

គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីន​លោក​ Simeone​ ក៏បាន​រង​ការ​ពិន័យ​ជា​ទឹកប្រាក់​ 2ម៉ឺន​អឺ​រ៉ូ​ផង​ដែរ​ពី​ UEFA​ សម្រាប់​ការ​អបអរ​របស់​លោក​នៅពេល​នោះ​ ខណៈ​ដែល​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​មួយ​នេះ​ បាន​ដាក់​ពិន័យ​ដូចគ្នា​ក្នុងករណី​របស់​ Ronaldo​ ដែរ​។

លោក​ Simeone​ បាន​និយាយ​បន្ទាប់ពី​ការប្រកួត​ថា​៖ «រូបគេ​ប្រាកដជា​បានឃើញ​ពី​របៀប​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​កីឡដ្ឋាន​ Wanda​ Metropolitano​ ហើយ​មិន​ខុសពី​ខ្ញុំ​ឡើយ​ រូបគេ​បាន​ព្យាយាម​បង្ហាញ​ពី​ឥរិយាបថ​របស់​គេ​»។

Ronaldo​ ដែល​បាន​វិល​ទៅ​ចូលរួម​ក្នុង​ក្រុមជម្រើសជាតិ​ព័រទុយហ្គាល់​វិញ​ ក្រោយពី​អវត្តមាន​ 9ខែ​ កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 24គ្រាប់​ឱ្យ​ក្រុម​ Juventus​ ចាប់តាំងពី​ផ្ទេរ​មក​ពី​ក្លិប​ Real​ Madrid​ សម្រាប់​តម្លៃ​ខ្លួន​ 100លាន​អឺ​រ៉ូ​ កាលពី​ឆ្នាំមុន​៕

Advertisement