លោក​ Southgate​ សរសើរ​ Stertling​ ក្រោយ​រកបាន​ 3គ្រាប់​ឱ្យ​អង់គ្លេស​

លោក​ Gareth​ Southgate​ អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​ បាន​កោតសរសើរ​ទៅលើ​ភាព​ចាស់ទុំ​របស់​ខ្សែប្រយុទ្ធ​ Raheem​ Sterling​ ក្នុង​ការប្រកួត​អន្តរជាតិ​ ក្រោយពី​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 3គ្រាប់​ឱ្យ​ក្រុម​ដែល​មាន​រហស្សនាម​ថា​ តោ​កំណាច​ទាំង3​ មួយ​នេះ​ ក្នុង​ពេល​ពួកគេ​បាន​យកឈ្នះ​ក្នុង​លទ្ធផល​ 5-០ លើ​ក្រុមជម្រើសជាតិ​សាធារណរដ្ឋ​ឆែក​ កាលពី​រាត្រី​ថ្ងៃសុក្រ​។

ក្រុម​ប្រជុំ​ដោយ​កីឡាករ​ពោរពេញ​ដោយ​ទេពកោសល្យ​ក្នុង​ក្រុម​របស់​លោក​ Southgate​ បាន​បង្ហាញ​ពី​សមត្ថភាព​ ខណៈ​ដែល​កីឡាករ​ Jadon​ Sancho​ វ័យ​ 18ឆ្នាំ​ និង​ Callum​ Hudson​-Odoi​ បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ ក្នុង​ក្រុមជម្រើសជាតិ​អង់គ្លេស​ ដោយ​បាន​ចាប់ផ្តើម​យ៉ាង​ល្អ​ក្នុង​យុទ្ធនាការ​នៃ​ការប្រកួត​ជម្រុះ​ Euro​ ឆ្នាំ2020​។

Sterling​ វ័យ​ 24ឆ្នាំ​ បាន​រង​នូវ​ការរិះគន់​ជា​រឿយ​ៗ ខណៈ​ដែល​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ត្រឹមតែ​ 2គ្រាប់​គត់​ក្នុង​ការ​បង្ហាញខ្លួន​ជា​អន្តរជាតិ​ចំនួន​ 45លើកដំបូង​របស់​គេ​។

ប៉ុន្តែ​ ខ្សែបម្រើ​ស្លាប​របស់​ក្លិប​ Manchester​ City​ រូប​នេះ​ បច្ចុប្បន្ន​រកបាន​ 5គ្រាប់​ក្នុង​ការប្រកួត​ 3លើក​ចុងក្រោយ​របស់​គេ​សម្រាប់​ក្រុម​អង់គ្លេស​ ក្រោយពី​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2គ្រាប់​ក្នុង​ពេល​អង់គ្លេស​យកឈ្នះ​លើ​ក្រុម​អេស្ប៉ាញ​ 3-2 ក្នុង​ការប្រកួត​ Nations​ League​ កាលពី​ខែវិច្ឆិកា​ ឆ្នាំមុន​។

លោក​ Southgate​ បានឱ្យ​ដឹង​ថា​៖ «ខ្ញុំ​បាន​គិតថា​ រូបគេ​ពិតជា​មាន​ភាព​មុត​ស្រួច​មែន​នៅ​រាត្រី​នោះ​។ ខ្ញុំ​ពិតជា​ពេញចិត្ត​រូបគេ​ចំពោះ​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​បែបនេះ​។ យើង​មិន​អាច​លាក់បាំង​ការពិត​បាន​ថា​ រូបគេ​បាន​ជួប​ពេលវេលា​ដ៏​លំបាក​មួយ​ជាមួយនឹង​ក្រុម​អង់គ្លេស​ឡើយ​ ហើយ​រូបគេ​បាន​វិល​ទៅ​រក​ភាព​ខ្លាំង​វិញ​ទាំងស្រុង​ហើយ​»។

គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ «ខ្ញុំ​ក៏​គិត​ផង​ដែរ​ថា​ គ្រាប់​បាល់​នៅ​លើទឹក​ដី​ក្រុម​អេស្ប៉ាញ​ ពិតជា​ពេលវេលា​ដ៏​សំខាន់ណាស់​សម្រាប់​រូបគេ​»៕ ​

Advertisement