Herta​ ក្លាយជា​អ្នកឈ្នះ​វ័យក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ IndyCar​

March 25, 2019​ ម៉ោង 2:36 pm

Colton​ Herta​ បាន​ក្លាយជា​ម្ចាស់​ជើងឯក​វ័យក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កីឡា​ប្រណាំង​រថយន្ត​ IndyCar​ កាលពី​ថ្ងៃអាទិត្យ​ ខណៈ​ដែល​កីឡាករ​សញ្ជាតិ​អាមេរិក​វ័យ​ 18ឆ្នាំ​រូប​នេះ​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រណាំង​ជា​ស៊េរី​ ជា​លើក​ទី3​ របស់​គេ​ក្នុង​ព្រឹត្តិ​ការណ៍​ IndyCar​ Classic​។

កូនប្រុស​របស់​អតីត​កីឡាករ​ Brian​ Herta​ រូប​នេះ​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រណាំង​ចំនួន​ 60ជុំ​ លើ​ចម្ងាយផ្លូវ​ 3.41ម៉ាល​ (ស្មើនឹង​ 5.48គីឡូម៉ែត្រ​) នៅ​លើ​ទីលាន​ដែល​មានផ្លូវ​បត់​ចំនួន​ 20កន្លែង​ក្នុង​ការ​ប្រណាំង​ជា​ស៊េរី​នៅ​លើ​ទីលាន​ Circuit​ of​ the​ Americas​ ក្នុង​ទីក្រុង​ Austin​ រដ្ឋ​ Texas​។

Herta​ បាន​និយាយ​ថា​៖ «វា​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​។ ខ្ញុំ​ធ្វើ​បាន​យ៉ាង​ល្អ​។ ខ្ញុំ​ត្រូវការ​ការសម្រាក​បន្តិច​នៅពេល​នេះ​» ។Herta​ ដែល​ជា​សហ​ម្ចាស់​ជើងឯក​ក្នុង​ការប្រកួត​មួយ​នា​ព្រឹត្តិ​ការណ៍​ 24​ Hours​ of​ Daytona​ កាលពី​ខែមករា​នោះ​ បាន​បំបែក​កំណត់ត្រា​អាយុ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កីឡាករ​អាមេរិក​ដូចគ្នា​គឺ​ Graham​ Rahal​។

Rahal​ ដែល​ជា​អ្នក​ប្រណាំង​រថយន្ត​ IndyCar​ ស្នង​ពី​ឪពុក​របស់​ខ្លួន​ម្នាក់ទៀត​មាន​វ័យ19ឆ្នាំ​ និង​ 3ខែ​ ក្នុង​ពេល​រូបគេ​បាន​ទទួល​ជ័យជម្នះ​កាលពី​ឆ្នាំ2008​ នៅ​ទីក្រុង​ St​. Petersburg​ រដ្ឋ​ Florida​។

Herta​ ដែល​នឹង​ឈាន​ចូល​វ័យ​ 19ឆ្នាំ​នៅ​ថ្ងៃសៅរ៍​នេះ​ បាន​ឈប់​ប្តូរ​កង់​លើក​ចុងក្រោយ​របស់​គេ​នៅ​ក្បែរ​បង្អួច​កន្លែង​ចាក់សាំង​ចុងក្រោយ​ និង​បាន​ដណ្តើម​យក​ការ​នាំមុខ​ នៅពេល​ដែល​ការ​ប៉ះទង្គិច​គ្នា​មួយ​បាន​បង្ខំ​ឱ្យ​កីឡាករ​ Will​ Power​ និង​ Alexander​ Rossi​ ពន្យារពេល​ការ​ឈប់​ប្តូរ​កង់​ជា​លើក​ចុងក្រោយ​របស់​ពួកគេ​ដែរ​។

Rahal​ បានឱ្យ​ដឹង​ថា​៖ «វា​ពិតជា​យុទ្ធសាស្ត្រ​ដ៏​ល្អឥតខ្ចោះ​មែន​ យើង​មិនបាន​រំពឹង​ទុក​បែប​នោះ​ឡើយ​។ យើង​ពិតជា​មាន​ល្បឿន​ដ៏​ល្អ​ខ្លាំង​ណាស់​ ហើយ​យើង​ក៏​មាន​ល្បឿន​លឿន​ក្នុង​ពេល​ចាប់ផ្តើម​ដែរ​»៕