Schulz​ ជួយ​ឱ្យ​អាល្លឺម៉ង់​ សងសឹក​លើ​ក្រុ​មហូ​ឡង់​

ខ្សែបម្រើ​ Nico​ Schulz​ បាន​រក​ឃើញ​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ចុងក្រោយ​ ខណៈ​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​ បាន​បំពេញ​ការសងសឹក​របស់​ពួកគេ​លើ​ក្រុម​ជម្រើស​ជា​តិ​ហូ​ឡង់​ តាមរយៈ​ការ​យកឈ្នះ​យ៉ាងរំភើប​ក្នុង​លទ្ធផល​ 3-2 ក្នុង​ការប្រកួត​ជម្រុះ​សម្រាប់​ Euro​ ឆ្នាំ2020​ ក្នុង​ទីក្រុង​ Amsterdam​ កាលពី​ថ្ងៃអាទិត្យ​។

ក្រុម​ជម្រើស​ជា​តិ​ហូ​ឡង់​ បាន​ឈាន​ទៅ​ប្រកួត​ក្នុង​យុទ្ធនាការ​ Nations​ League​ ក្នុង​ជុំ​ផ្តាច់ព្រ័ត្រ​ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ 2គ្រាប់​ក្នុង​ចន្លោះ​ពេល​ 5នាទី​កាលពី​ខែវិច្ឆិកា​ ឆ្នាំមុន​ ដើម្បី​ទម្លាក់​ក្រុម​អាល្លឺម៉ង់​ឱ្យទៅ​លេង​ក្នុង​ពូល​ B។

វា​បាន​ក្លាយជា​ការ​ដណ្តើម​បាន​ជ័យជម្នះ​ជា​លើក​ទី1​ របស់​ក្រុម​អាល្លឺម៉ង់​ក្នុង​ការប្រកួត​ផ្លូវការ​មួយ​ បើ​គិត​ចាប់តាំងពី​យុទ្ធនាការ​ World​ Cup​ កាលពី​ឆ្នាំមុន​ ហើយ​ជ័យជម្នះ​នេះ​បាន​កើតឡើង​ ក្រោយពី​ការប្រកួត​មួយ​ដែល​ក្រុម​របស់​លោក​ Loew​ បាន​បង្ហាញ​ពី​ភាពរឹងមាំ​ និង​ភាព​មុត​ស្រួច​ក្នុង​តំបន់​ប្រយុទ្ធ​។

អាល្លឺម៉ង់​ លេង​បាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​រយៈពេល​ 45នាទី​ដំបូង​ ក្នុង​ទីក្រុង​ Amsterdam​ ប៉ុន្តែ​បាន​ធ្លាក់​ចូលក្នុង​សម្ពាធ​វិញ​ក្នុង​តង់​ទី2​ ខណៈ​ដែល​ក្រុម​ជម្រើស​ជា​តិ​ហូ​ឡង់​ បាន​វាយបក​ពី​ការ​ដេញ​តាម​ពីក្រោយ​ 2-០។

ក្រុម​ដែល​ប្រជុំ​ដោយ​កីឡា​ករថ្មីៗ​ អាល្លឺម៉ង់​បាន​នាំមុខ​យ៉ាង​ឆាប់រហ័ស​ក្នុង​លទ្ធផល​ 2-០ ក្នុង​ទីក្រុង​ Amsterdam​ តាមរយៈ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​ពីសំណាក់​ Leroy​ Sane​ និង​ Serge​ Gnabry​ ប៉ុន្តែ​ ក្រុម​ម្ចាស់ផ្ទះ​បាន​វាយបក​វិញ​នៅ​តង់​ទី2​ តាមរយៈ​គ្រាប់​បាល់​ពីសំណាក់​កីឡាករ​ Matthijs​ De​ Ligt​ នៅមុន​ពេល​ខ្សែបម្រើ​ស្លាប​ Memphis​ Depay​ រកបាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី​ទី​ 63​។

ស្រប​ពេល​ជាមួយគ្នា​នេះ​ ក្រុម​ម្ចាស់​ជើងឯក​រង​ World​ Cup​ ក្រូ​អាស៊ី​ បាន​រង​បរាជ័យ​ក្នុង​លទ្ធផល​ 2-1 នៅ​លើទឹក​ដី​ក្រុមជម្រើសជាតិ​ហុងគ្រី​៕

 

Advertisement