Sterling អំពាវ​នាវ​ឱ្យ​ព្យួរ​កីឡដ្ឋាន ក្រោយមាន​ការ​រើស​អើង ក្នុង​ពេលអង់​គ្លេស ផ្តួល ម៉ុង​តេ​ណេ​ហ្គ្រោ

ខ្សែ​ប្រយុទ្ធ Raheem Sterling ជឿជាក់​ថា សហ​ព័ន្ធកីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុបហៅ​កាត់ថា​ UEFA គួរ​តែ​ដាក់​ទណ្ឌ​កម្ម​ លើការ​ច្រៀង​ចម្រៀង​បែប​​រើស​អើង ទៅកាន់កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​ពេល​ក្រុម​ខ្លួន​បានយកឈ្នះ​ក្នុង​លទ្ធ​ផល 5-1​ កាលពីថ្ងៃ​ចន្ទ លើក្រុម​ជម្រើស​ជាតិម៉ុង​តេ​ណេ​ហ្គ្រោ ក្នុង​ទីក្រុង Podgorica តាម​រយៈ​ការ​បិទ​កីឡដ្ឋាននៅ​ទីក្រុង Podgorica​។​


តារា​ឆ្នើម​របស់​ក្លិប Manchester City រូបនេះ​បាន​អប​អរ​ការ​រក​បាន​គ្រាប់​បាល់​ទី​5 របស់​​​គេ​តាម​រយៈ​ការ​យក​​ដៃ​បាំង​ត្រចៀក​របស់​គេ ឆ្ពោះ​ទៅកាន់​​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ នៅ​រាត្រីមួយ​ដែលនៅពេល​នោះ​ការ​ដណ្តើម​បាន​ជ័យជម្នះមួយ​ផ្សេង​ទៀត​ក្នុង​យុទ្ធនាការ​ជម្រុះ Euro ឆ្នាំ​2020 របស់​ក្រុម​អង់គ្លេស ត្រូវ​បាន​បាំង​បិទ​ដោយ​ការ​រើស​អើង​។
Sterling បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ឱ្យ​ពួកគេ​ឃើញ​ថា អ្នក​ត្រូវ​​ការ​​លទ្ធផល​​ល្អ​ប្រសើរ​ជាង​នេះ ក្នុង​ការ​ធ្វើ​ឱ្យ​យើង​ខក​ចិត្ត​ និង​បញ្ឈប់​យើង​​។ ពេល​នេះ​ឆ្នាំ2019​ហើយ ខ្ញុំ​នៅ​តែរក្សា​ការ​និយាយ​បែបនេះ​។ វា​ជា​រឿង​អាម៉ាស់​មួយ​​ក្នុងការ​ឃើញ​សកម្ម​ភាព​បែបនេះ​បន្ត​កើត​ឡើង ហើយ​យើង​​ត្រឹម​តែ​អាច​ដឹង​ពីស្ថាន​ភាពនេះ​»​។
ស្រប​ពេល​ជាមួយ​គ្នានេះ Gareth Southgate អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិអង់​គ្លេស បាន​​និយាយ​ថា លោក​បាន​ឮការ​ស្រែក​​ច្រៀង​ការ​រើស​អើង​ជាតិ​សាសន៍ ​ដោយ​មាន​បំណង​ទៅលើ Danny Rose​។ លោក Southgate បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​បាន​ឮពី​ការ​រើស​អើង​ទៅលើ Danny Rose នៅពេល​ដែល​រូប​គេ​បាន​រង​ពិន័យ​កាតលឿង​ក្នុង​ពេល​ជិត​បញ្ចប់​ការ​ប្រកួត​។ វា​ពិត​ជា​គ្មាន​ការ​សង្ស័យ​ក្នុង​ចិត្ត​ខ្ញុំ​ឡើយ​ដែល​បញ្ហា​នោះ​បានកើតឡើង​។ យើង​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា បញ្ហា​​នោះ​​នឹង​ត្រូវ​រាយ​ការណ៍​ទៅកាន់ UEFA ដោយ​សា​រតែ​​វាមិន​អាច​ទទួល​យក​បាន​ឡើយ​»​​។ បច្ចុប្បន្ន​ ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស បាន​​ឈរ​យ៉ាង​រឹង​មាំ​នៅលើ​កំពូល​តារាង​នៃ​ពូល A ដោយ​មាន​6ពិន្ទុ និង​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី10​គ្រាប់ ​ពីការ​ប្រកួត​បើកឆាក2លើក​ដំបូង​របស់​ពួកគេ​​៕

Advertisement