លោក​ ​Solskjaer​ ​សន្យា​ជួយ​ឱ្យ​ ​Man​ ​Utd​ ​ឈ្នះ​ពាន​ ​ក្រោយ​ក្លាយជា​គ្រូបង្វឹក​ពេញ​សិទ្ធិ​

លោក​ ​Ole​ ​Gunnar​ ​Solskjaer​ ​បាន​សន្យា​ថា​ ​នឹង​ជួយ​ឱ្យ​ក្រុម​ ​Manchester​ ​United​ ​ឱ្យ​ក្លាយជា​ម្ចាស់​ជើងឯក​ម្តង​ទៀត​ ​ក្រោយពី​បាន​ផ្តល់​ការ​ជឿជាក់​ដល់​ម្ចាស់​ក្លិប​ថា​ ​រូបលោក​គឺជា​អ្នក​ដែល​អាច​នាំ​ថ្ងៃ​នៃ​ភាព​ជ័យ​ទៅ​ឱ្យ​ក្លិប​នេះ​វិញ​។​ ​

​ក្រោយពី​ត្រូវ​បាន​ប្រកាស​តែងតាំង​ថា​ ​ជា​អ្នកចាត់ការ​ទូទៅ​អចិន្ត្រៃយ៍​ក្នុង​កិច្ចសន្យា​រយៈពេល៣ឆ្នាំ​ ​ដែល​នឹង​ផ្តល់​ចំណូល​ប្រចាំឆ្នាំ​ចំនួន7លាន​ផោន​ ​(​ស្មើនឹង9.14លាន​ដុល្លារ​អាមេរិក​)​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ​Solskjaer​ ​មិនបាន​ព្យាយាម​លាក់បាំង​ពី​បញ្ហា​ប្រឈម​នៅចំពោះមុខ​របស់​លោក​ឡើយ​ ​ខណៈ​ដែល​លោក​បាន​រំឭក​ឱ្យ​កីឡាករ​ចាប់ផ្តើម​ខិតខំ​ព្យាយាម​បន្ថែម​ទៀត​ចាប់ពី​ពេលនេះ​ទៅ​។​ ​

​លោក​ ​Solskjaer​ ​បានឱ្យ​ដឹង​ថា​៖​ ​«​យើង​កំពុងតែ​សម្លឹង​ឆ្ពោះទៅ​មុខ​ ​យើង​ត្រូវតែ​ធ្វើការងារ​ឱ្យ​កាន់តែ​ខ្លាំង​។​ ​ខ្ញុំ​ចង់ឱ្យ​ ​Man​ ​United​ ​ក្លាយជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ដែល​ខិតខំ​ធ្វើការងារ​បំផុត​ ​និង​ក្លាយជា​ក្រុម​ខ្លាំង​បំផុត​ ​ដែល​អាច​ដណ្តើម​យក​លទ្ធ​ផល​ផ្សេង​ៗ​។​ ​ពេលនេះ​កីឡាករ​ដឹង​ថា​ ​ខ្ញុំ​ស្ថិតនៅ​ទីនេះ​ជាង​ការ​រំពឹង​ទុក​។​ ​កីឡាករ​ដែល​មាន​មោទនភាព​លើ​ខ្លួនឯង​ពេក​ ​នឹង​មិន​រក្សា​កៅអី​ក្នុង​ក្លិប​នេះ​បាន​ឡើយ​»​។​ ​

​គ្រូបង្វឹក​រូប​នេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ ​Old​ ​Trafford​ ​ថា​៖​ ​«​ការ​ឈ្នះ​ពាន​ ​Premier​ ​League​ ​ម្តង​ទៀត​គឺជា​គោលដៅ​ដែល​យើង​រំពឹង​ទុក​ ​ព្រោះ​វា​ជាគោល​ដៅ​ដែល​យើង​ស៊ាំ​ ​និង​ជាគោល​ដៅ​ដែល​យើង​ធ្វើ​បានសម្រេច​ជាច្រើនលើក​»​។​ ​

​ក្នុង​ការដឹកនាំ​ក្នុងរយៈពេល​ដ៏​ខ្លី​របស់​លោក​ ​លោក​ ​Solskjaer​ ​បាន​ជួយ​ឱ្យ​ក្រុម​បិសាច​ក្រហម​ ​វិល​ទៅកាន់​ការ​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​កំពូល​ទាំង4របស់​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​និង​កំពុង​ត្រៀម​លក្ខ​ខណៈ​សម្រាប់​ការប្រកួត​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​វគ្គ8ក្រុម​ចុងក្រោយ​ ​ជាមួយនឹង​ក្រុម​ ​Barcelona​ ​នៅ​ខែក្រោយ​។​ ​បើ​ទោះបី​វិល​ទៅ​រក​ទម្រង់​លេង​យ៉ាង​ល្អ​ក៏ដោយ​ ​ប៉ុន្តែ​ ​Man​ ​Utd​ ​បាន​រក្សា​ការ​ដេញ​តាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ​ ​Liverpool​ ​ចំនួន18ពិន្ទុ​ ​និង​តាម​ពីក្រោយ​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែមួយ​ ​Manchester​ ​City​ ​ចំនួន16ពិន្ទុ​៕​ ​

Advertisement