ភ្នំ​ពេញ​ក្រោ​ននឹង​ធ្វើ​កម្មវិធី​ ​Football​ ​Clinic​ ​មួយ​ ​នា​ចុង​សប្តាហ៍​នេះ​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​ ​បាន​ប្រកាស​ពី​ការរៀបចំ​កម្មវិធី​ ​Football​ ​Clinic​ ​មួយ​នៅ​វិទ្យាល័យ​សម្តេច​ឪ​ ​ដែល​ស្ថិតនៅ​លើទឹក​ដី​ខេត្តសៀមរាប​ ​ក្រោយពី​បញ្ចប់​ការប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​។​ ​

​ចំពោះ​មូលហេតុ​ដែល​ក្លិប​ភ្នំ​ពេញ​ក្រោ​នបាន​សម្រេច​ជ្រើសរើស​យក​វិទ្យាល័យ​សម្តេច​ឪ​ដើម្បី​ធ្វើ​កម្មវិធី​នេះ​ ​គឺ​ដោយសារតែ​សង្កេតឃើញ​ថា​ ​វិទ្យាល័យ​ដែល​ជា​ស្នា​ព្រះហស្ត​ដ៏​ឧត្តុង្គ​ឧត្តម​នៃ​ព្រះករុណា​សម្តេច​តា​ ​ព្រះ​បរម​រតន​កោដ្ឋ​នេះ​ ​បាន​ដើរតួ​នាទី​យ៉ាងសកម្ម​ ​និង​ប្រកប​ដោយសក្តានុពល​ក្នុង​ការ​កសាង​ធនធានមនុស្ស​រាប់ពាន់​នាក់​ ​បន្ទាប់ពី​បាន​បង្កើត​ឡើង​តាំងតែពី​ឆ្នាំ1996​ ​មក​នោះ​។​

​ដោយមាន​ការចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​វិទ្យាល័យ​ ​រួម​ជាមួយនឹង​សិស្សានុសិស្ស​ប្រមាណ​ជា​ ​200នាក់​ ​កម្មវិធី​នេះ​ដែរ​គឺ​កើត​ចេញពី​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ ​ក៏ដូចជា​បណ្តា​ដៃគូ​ឧបត្ថម្ភ​ដទៃទៀត​របស់​ក្លិប​ដែល​មាន​គោលបំណង​ផ្សព្វផ្សាយ​ពី​កីឡាបាល់ទាត់​ដល់​យុវជន​ ​ជាពិសេស​ពី​បច្ចេកទេស​មូលដ្ឋាន​នៃ​ការ​ហ្វឹកហាត់​ ​ការប្រកួត​ ​ការរៀបចំ​ក្រុម​ ​ព្រមទាំង​ចំណេះ​ដឹង​ផ្សេង​ៗ​ទៀត​នៃ​បំណិន​ជីវិត​ដើម្បី​រួមចំណែក​អភិវឌ្ឍ​ផ្នត់គំនិត​ ​និង​ការ​ពង្រឹង​គោលដៅ​ជីវិត​សម្រាប់​យុវវ័យ​ផង​ដែរ​៕​


Advertisement