តាម​គម្រោង​ ​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​ហ្វឹកហាត់​ត្រៀម​ទាត់​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​តែ៣ថ្ងៃមុន​ការប្រកួត​ប៉ុណ្ណោះ​

​តាម​ដំណឹង​រហិចរហៀង​ដែល​ឮ​ចេញពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មក​បានឱ្យ​ដឹង​ថា​ ​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប៉ះ​ជាមួយ​ក្រុម​ប៉ាគីស្ថាន​ ​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី3​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​ពោល​គឺ​មាន​រយៈពេល​ត្រឹមតែ​ ​3ថ្ងៃ​ប៉ុណ្ណោះ​ ​មុន​ការប្រកួត​ជា​ផ្លូវការ​ជើង​ទី1​។​

​តាម​ការ​បញ្ជាក់​នេះ​ ​វា​ហាក់​ត្រូវ​នឹង​ស្ថានភាព​បច្ចុប្បន្ន​ដែល​នៅសល់​ពេល​មិនដល់​ ​20ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ​ការប្រកួត​នឹង​ចូល​មកដល់​ ​តែ​មិនទាន់​មា​នព័​ត៏​មាន​ជុំវិញ​ការ​កោះហៅ​កីឡាករ​នៅឡើយ​ ​ហើយ​សូម្បី​គ្រូបង្វឹក​ ​ឬ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ឈុត​នេះ​ ​ក៏​មិនទាន់​បាន​ចូលរួម​តាមដាន​ការប្រកួត​លី​ក​កំពូល​កម្ពុជា​ដើម្បី​ជ្រើសរើស​កីឡាករ​នៅ​តាម​កីឡដ្ឋាន​នានា​នៅឡើយ​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុម​ប៉ាគីស្ថាន​ដែល​ត្រូវ​ជួបនឹង​កម្ពុជា​ ​ពួកគេ​កំពុងធ្វើការ​ហ្វឹកហាត់​យ៉ាង​ល្អ​ ​ដោយ​បាន​កោះហៅ​កីឡាករ​ជាង​ ​50រូប​ ​ទាំង​កីឡាករ​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ ​ហើយ​បាន​ជម្រុះ​ជាបន្តបន្ទាប់​ ​នៅសល់​ ​22រូប​ចុងក្រោយ​ ​និង​មិន​តែប៉ុណ្ណោះ​ ​ក្រុម​មួយ​នេះ​បាន​ចេញដំណើរ​ទៅ​ហ្វឹកហាត់​ដំណាក់កាល​ចុងក្រោយ​នៅ​ឯ​បរទេស​ ​រយៈពេល១ខែ​ ​មុននឹង​ត្រៀមខ្លួន​បំបាក់​ក្រុម​គោព្រៃ​កម្ពុជា​៕​

Advertisement