ឡុង សុភី និង ពុទ្ធ ឆាយរិទ្ធី ឡើងរេញប្រជែងគ្នាដណ្ដើមប្រាក់ ១០០០ដុល្លារ នៅ SEATV

ព្រឹត្តិការណ៍ប្រកួតដណើមប្រាក់១០០០ដុល្លារអាមេរិក នៅសង្វៀន ទូរទស្សន៍អាស៊ីអាគ្នេយ៍ រវាងជើងខ្លាំង ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្ស និង ឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា កំពុងទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ខណៈដែលការប្រកួតនេះ នឹងចាប់ផ្ដើម នាយប់ថ្ងៃទី២៩ ខែមេសា ចុងសប្ដាហ៍នេះ។

អ្នកគ្រប់គ្រងកម្មវិធីប្រដាល់នៃស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍លោក ញាន សុធី បាននិយាយថា៖ អ្នកខ្លាំង អ្នកខិតខំហ្វឹកហាត់នឹងក្លាយជាម្ចាស់លុយនេះ ។ លោកបន្តថាព្រឹត្តិការបែបនេះមិនមានរៀងរាល់សប្ដាហ៍នោះទេតែអ្នកប្រដាល់ដែលមកប្រកួតក្នុងព្រឹត្តិការណ៍នេះលោកបានប្រាប់ឲ្យគេដឹងខ្លួនមុនដើម្បីត្រៀមខ្លួនហាត់ ។

លោកសុធីក៏បានព្រមានដែរថា លុយតម្លៃខ្លួនច្រើនហេតុនេះគេត្រូវតែវ៉ៃឲ្យអស់ពីសមត្ថភាព ។ប្រសិនបើអាជ្ញាកណ្ដាល ឬ ចៅក្រម ឬមន្ត្រីវិនិច្ឆ័យគេមើលឃើញថាការប្រកួតមិនអស់ពីសមត្ថភាពទេនោះគេនឹងត្រូវអាជ្ញាកណ្ដាលបណ្ដេញចុះពីសង្វៀនដោយមិនមានលុយតម្លៃខ្លួនហើយត្រូវជាប់ពិន័យរបស់សហព័ន្ធទៀតផង ។

អ្នកប្រដាល់ទាំងពីររូបនេះ ជាអ្នកលេងជង្គង់ និងកែងដូចគ្នាបែបនេះត្រូវបានគេចោទជាសំណួរថាតើនរណាជាអ្នកខ្លាំងពិតប្រាកដ ឯអ្នកខ្លះសួរថានរណានឹងក្លាយជាម្ចាស់លុយ ១០០០ដុល្លារនេះ ។ សូមបញ្ជាក់ថា ក្នុងការប្រកួតនេះអ្នកឈ្នះនឹងទទួលបាន ១០០០ដុល្លារ រីឯអ្នកចាញ់បានត្រឹមតែ ៣០០ដុល្លារប៉ុណ្ណោះ ៕

Advertisement